(ក្រុងឡុងដ៍)៖ AFC Bournemouth បានចូលរួមជាមួយ Fulham ក្នុងការកក់កៅអីទៅលេងនៅ Premier League វិញនារដូវកាលក្រោយនេះ បន្ទាប់ពីពួកគេបានបាត់មុខពីលីគកំពូលអង់គ្លេសអស់រយៈពេល ២រដូវកាល។

តាមរយៈ ៣ពិន្ទុក្នុងដីទៅលើគូប្រជែង Nottingham Forest នៃលទ្ធផល ១-០ នៅនារាត្រីឆ្លងចូលថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានធ្វើឲ្យ Bournemouth ដែលដឹកនាំដោយលោក Scott Parker នោះ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Champioship សម្រាប់រដូវកាល ២០២១-២០២២ ជាមួយនឹង ៨៥ពិន្ទុ ដ្បិតនៅសល់ ១ប្រកួតទៀត មុនបិទរដូវកាលនេះដ៏ពេញលេញក៏ដោយ។

កីឡាករ Kieffer Moore ដែលទើបផ្ទេរចេញពីក្លិប Cardiff City ក្នុងរដូវកាលនេះ ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីចុងម៉ោង ដើម្បីធានាកៅអីដោយស្វ័យប្រវត្តិក្នុងការវិលទៅកាន់ Premier League វិញ នៅពេល Fulham បានឈ្នះជើងឯកកាលពីសប្តាហ៍មុនជាមួយ ៩០ពិន្ទុនាំមុខកំពូលតារាងដាច់។

AFC Bournemouth និង Fulham ត្រៀមជំនួសកន្លែងក្នុងតំបន់កាត់ចោល ៣ក្រុមនៅ Premier League ដែលបច្ចុប្បន្នមាន Norwich City, Watford និង Everton គ្រាដែលពួកគេត្រូវលេង ៣ទៅ៤ប្រកួតទៀត ដើម្បីបិទរដូវកាលនេះ និងបានកំពុងប្រជែងគ្នាខ្លាំងដែរ ដើម្បីគេចចេញពីតំបន់កាត់ចោលនេះ៕