(កូរ៉េ)៖ យោងតាមសារព័ត៌មានហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រុមហ៊ុន HYBE Labels ដែលគេស្គាល់ថា ជាជម្រករបស់ក្រុមចម្រៀងល្បី BTS បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការរហូតដល់ ៣៧ពាន់លានវ៉ុន ឬប្រហែល២៩.៤លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ ដោយបានកើនឡើង ៦២.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Allkpop នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

បន្ថែមពីនេះក្រុមហ៊ុន HYBE Labels បានរាយការណ៍ពីការលក់សរុប ទទួលបានចំនួន ២៥៨ពាន់លានវ៉ុន ឬប្រហែល២០៥លានដុល្លារអាមេរិក នៅក្នុងទីមាសទី១នេះ ដោយកើនឡើង៥៩.៨ភាគរយៈ បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះ គ្រាន់តែចំណូលពីការលក់អាល់ប៊ុម និងពីការប្រគំតន្រ្តីរបស់ BTS កាលពីខែមីនាកន្លងទៅ គឺក្តោបក្តាប់ រហូតដល់៥៤% ទៅហើយ នៃចំណូល ដែលបានពីការលក់សរុបរបស់ក្រុមហ៊ុននេះ ក្នុងត្រីមាសទី១នេះ។

ទន្ទឹមនឹងនេះ HYBE Labels ត្រូវបានគេរំពឹងថា នឹងមើលឃើញពីការកើនឡើងប្រាក់ចំណេញបន្ថែមទៀត ដែលបានពីការលក់អាល់ប៊ុមនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ ខាងមុខ ត្បិតថាក្រុម TOMORROW x TOGETHER និង Seventeen ត្រៀមសម្រាប់ការត្រឡប់មកវិញរបស់ពួកគេក្នុងខែនេះ ហើយ BTS នឹងចេញអាល់ប៊ុមថ្មីរបស់ពួកគេនៅថ្ងៃទី១០ ខែមិថុនា។ ក្រុមថ្មីបំផុតរបស់ HYBE LE SSERAFIM ក៏នឹងរួមចំណែកដល់ការលក់អាល់ប៊ុមក្នុងត្រីមាសទី២ បន្ទាប់ពីអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេ 'FEARLESS' បានរាយការណ៍ពីកំណត់ត្រានៃការបញ្ជាទិញជាមុនជាង ៣៨០,០០០ ច្បាប់ មុនពេលចេញផ្សាយ៕