(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកីឡាកម្ពុជា ៤ប្រភេទ រួមមានក្រុមបាល់ទាត់បុរស (U23)-នារី, ប្រដាល់គុនខ្មែរ, ប្រដាល់ឃីកបុកស៊ីង និងកីឡាទូកកានូ/រ៉ូអ៊ីង បានធ្វើដំណើរទៅដល់ទីក្រុងហាណូយហើយ បន្ទាប់ពីចាកចេញពីមាតុភូមិនាព្រឹកមិញ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី១២ ខែឧសភាខាងមុខ។

មុនចាកចេញពីមាតុភូមិ គេឃើញប្រតិភូ និងអត្តពលិកទាំងអស់បានសម្ដែងនូវក្ដីរីករាយ ចំពោះការបំពេញបេសកកម្មដ៏មានសារៈសំខាន់ប្រចាំតំបន់ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពិសេសប្រតិភូ ក៏ដូចជាកីឡាករ-កីឡាការិនី បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ដល់ប្រតិភូ និងអត្តពលិកទាំងអស់ តាមរយៈការបញ្ជាឲ្យរៀបចំយន្ដហោះពិសេសដើម្បីដឹកជញ្ជូនប្រតិភូកីឡាកម្ពុជាទៅប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម។

កីឡាករ មិន រតនៈ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ U23 កម្ពុជា បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានធ្វើដំណើរតាមយន្ដហោះពិសេស ទៅប្រកួតកីឡាស៊ីហ្គេមលើកនេះ។ ខ្ញុំសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ចំពោះការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ដល់ប្រតិភូ និងអត្តពលិករបស់យើង ជាក់ស្ដែងលើកនេះ ពួកគាត់បានរៀបចំយន្ដហោះពិសេស ដើម្បីការពារកីឡាករ-កីឡាការិនីពីការឆ្លងជំងឺកូវីដ-១៩ និងផលប៉ះពាល់ផ្សេងៗដល់កីឡាករ-កីឡាការិនីរបស់យើង»

ចំណែកលោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលថា «ជាការភ្ញាក់ផ្អើលណាស់កាលខ្ញុំនៅជាកីឡាករ ចូលរួមប្រកួតស៊ីហ្គេម ៣លើក នៅថៃ ឆ្នាំ១៩៩៥ នៅឥណ្ឌូនេស៊ី ឆ្នាំ១៩៩៧ និងនៅប្រ៊ុយណេ ឆ្នាំ១៩៩៩ រហូតខ្ញុំក្លាយជាគ្រូបង្វឹកពេលនេះ ឃើញថា នេះជាលើកដំបូង ដែលមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្លាំង ដល់អត្តពលិករបស់យើង ទាំងការធ្វើដំណើរ និងការគិតគូផ្សេងៗ។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានផ្ដល់នូវយន្ដហោះពិសេសមួយ ដើម្បីដឹកជញ្ជូនកីឡាករ-កីឡាការិនីរបស់យើងទៅប្រកួតកីឡាស៊ីហ្គេមលើកនេះ»

គួរបញ្ជាក់ថា ប្រតិភូ និងអត្តពលិកទាំង ៤ប្រភេទកីឡា ដែលបានចេញដំណើរទៅមុនគេកាលពីព្រឹកមិញ គឺមានចំនួន ១១៥នាក់ ហើយប្រតិភូ និងអត្តពលិកចំនួន ២៩ប្រភេទកីឡាផ្សេងទៀត នឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ តាមកម្មវិធីប្រកួតរបស់ប្រភេទកីឡានីមួយៗ ដែលម្ចាស់ផ្ទះវៀតណាម អនុញ្ញាតឲ្យចេញទៅ ២ថ្ងៃមុនការប្រកួត ពិសេសថ្ងៃទី១០ និងថ្ងៃទី១១ ខែឧសភា ដែលនឹងមានការចេញទ្រង់ទ្រាយធំជាង ២០០នាក់ទៀត ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រជាប្រធានប្រតិភូកីឡាកម្ពុជា និងលោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជា ដើម្បីចូលរួមពិធីបើកនាថ្ងៃទី១២ ខែឧសភា៕