(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវូស៊ូកម្ពុជា បំពេញភារកិច្ចសម្រាប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ របស់ខ្លួនឡើងវិញ ក្រោយមានការស្នើសុំពីសហព័ន្ធ កាលពីដើមខែមេសា ឆ្នាំ២០២២ កន្លងទៅ។
សមាជិកប្រតិបត្តិសហព័ន្ធ ដែលត្រូវបានរៀបចំ និងទទួលបានការគាំទ្រពីក្រសួងអប់រំនេះរួមមានលោក ថាង ហ្គោដុន ជាប្រធាន, លោក ម៉ែន ម៉ាលីន និងកញ្ញា ព្រាប ម៉ូនីកា ជាអនុប្រធាន។ លោក ម៉ៅ ចន្ថាវុធ ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង ២រូប គឺលោក ហេង វណ្ណៈ និងលោកស្រី ឥន្ទ សុគន្ធី។ លោក ម៉ក់ ចាន់ភិរុណ ជាអគ្គហេរញ្ញិក និងលោក កោ ឆៃហុង ជាអគ្គហេរញ្ញិករង ព្រមទាំងសមាជិក ៣រូបផ្សេងទៀត។
តាមរយៈការផ្ដល់សុពលភាពដល់សហព័ន្ធកីឡាវូស៊ូកម្ពុជានេះដែរ ក្រសួងអប់រំ បានជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ត្រូវគោរពលក្ខន្ដិកៈរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន និងត្រូវយកអស់កម្លាំងកាយចិត្តខិតខំបំពេញភារកិច្ច បំផុសចលនាកីឡាវូស៊ូ នៅកម្ពុជាឲ្យទទួលបានជោគជ័យ៕