(ភ្នំពេញ)៖ ធនាគារ កម្ពុជា អាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់លើ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នៅសណ្ឋារគារ សូហ្វីទែល ភ្នំពេញ ភូគីត្រា ដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់ជួយពង្រីក និងគាំទ្រសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាក្រោយពីវិបត្តិកូវីដ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី, លោក លឹម អូន អគ្គនាយក ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, និងវត្តមានចូលរួមជាសក្ខីភាពពីសំណាក់ សាជីវកម្មធានាឥណទានកម្ពុជា, ក្រុមហ៊ុន FinTech Bankograph ពីប្រទេសសិង្ហបូរី, និងក្រុមហ៊ុនធានារ៉ាប់រងជីវិត Phillip Life Assurance ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក Mitra Dwaipayan លើកឡើងថា «កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដល់សហគ្រាសនានា ដែលកំពុងតែត្រូវការជំនួយសម្រាប់ពង្រីក ប្រតិបត្តិការរបស់ពួកគេ។ ធនាគារ កម្ពុជា អាស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយអតិថិជនឱ្យទទួលបានកម្ចីច្រើន ជាមួយលក្ខខណ្ឌបត់បែនងាយស្រួល និងអត្រាការប្រាក់ទាប។ យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានក៏អភិវឌ្ឍន៏ប្រកបដោយនិរន្តរ៍ភាព»។

លោក Niraj Gupta នាយកធនាគារឌីជីថល នៃធនាគារ កម្ពុជា អាស៊ី បានគូសបញ្ជាក់ថា «ធនាគារយើងបានសំលឹងឃើញផលវិជ្ជមានយ៉ាងច្រើន ពីគម្រោងសហហិរញ្ញប្បទាននេះ។ យើងបានរៀបចំយុទ្ធសាស្រ្ត និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាតាមរយៈសារព័ត៌មានដៃគូ ដើម្បីជម្រុញការទទួលពត៍មានឱ្យបានកាន់តែទូលំទូលាយ និងទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែស្តារអាជីវកម្ម ព្រមទាំងរកអ្នកជំនាញខាងជម្រុញអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ យើងរំពឹងថាសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើន នឹងជ្រាបពីអត្ថប្រយោជន៏របស់គម្រោងសហហិរញ្ញប្បទាននេះ ហើយអាចធ្វើការស្នើកម្ចីតាមរយៈធនាគារ កម្ពុជា អាស៊ី សម្រាប់ជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ក្នុងប្រតិបត្តការអាជីវកម្មរបស់ពួកគេ»

លោក លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានមានប្រសាសន៍លើកឡើងថា «ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលបានក្លាយជាដៃគូសហការជាមួយនឹងធនាគារ កម្ពុជា អាស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏មានកេរ្ដិ៍ឈ្មោះ និងគួរឱ្យកោតសរសើរ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ៣០ឆ្នាំមកហើយ។ កិច្ចសហប្រតិបត្តិការមួយនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ និងមានលក្ខខណ្ឌអនុគ្រោះ ហើយខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថាស្ថាប័នទាំងពីរនឹងពួតដៃគ្នាជាធ្លុងមួយក្នុងការជួយគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងនៅពាសពេញផ្ទៃប្រទេស»

គួរជម្រាបផងដែរថា តាមរយៈកិច្ចព្រមព្រៀងលើគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នេះ អតិថិជនអាចធ្វើការស្នើកម្ចីសម្រាប់ពង្រីក និងទ្រទ្រង់សហគ្រាសធុនតូច-មធ្យមរបស់លោកអ្នក តាមរយៈធនាគារ កម្ពុជា អាស៊ី ជាមួយអត្រាការប្រាក់ទាប ទំហំកម្ចីធំ និងការសងប្រាក់មានភាពបត់បែន។ សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ៩៨០ ០០០៕