(ភ្នំពេញ)៖ Turing Hackathon គឺជាកម្មវិធីមួយដែលត្រូវបានធ្វើឡើង ដើម្បីផ្តល់ជាឱកាសដល់យុវជន ធ្វើការសាកល្បងគំនិតច្នៃប្រឌិត និងធ្វើការអភិវឌ្ឍខ្លួនឲ្យសមស្របទៅនឹងសង្គមឌីជីថល។

នៅក្នុងរដូវកាលទី២នេះដែរ កម្មវិធី Turing Hackathon បានផ្តោតទៅលើការជំរុញឲ្យបេក្ខជនធ្វើការសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយថ្នាលឌីជីថល និងបង្កើតគំរូបច្ចេកវិទ្យាដែលអាចជាសេវាកម្ម ឬដំណោះស្រាយផ្តល់ជូនដល់អាជីវកម្មផ្សេងទៀត ឬអាចហៅថា B2B។

ក្រោយពីធ្វើការបើកទទួលពាក្យស្នើសុំអស់រយៈពេលជាងមួយខែ កម្មវិធី Turing Hackathon បានទទួលការដាក់ពាក្យស្នើសុំចំនួន៦២ ដែលក្នុងនោះមានបេក្ខជនសរុបចំនួន ១៥១រូប។

បន្ទាប់ពីធ្វើការវិនិច្ឆ័យ គណៈកម្មការនៃកម្មវិធីបានសម្រាំង និងសម្រេចឱ្យបេក្ខជនដែលមានសក្តានុពលខ្ពស់ឈានចូលវគ្គបន្តទៀត ដោយក្នុងនោះមានក្រុមចំនួន ១៥ និងបេក្ខជនទោលចំនួន១៧នាក់ ហើយបេក្ខជនទោលនឹងត្រូវចាប់ក្រុមជាមួយបេក្ខជនទោលផ្សេងទៀតដើម្បីបង្កើតក្រុមចំនួន៥។

បេក្ខជនដែលជាប់ការសម្រាំងទាំងអស់នឹងតម្រូវឲ្យចូលរួម៖

១៖ ការណែនាំនៃកម្មវិធី និងការបង្កើតក្រុម ដែលប្រារព្វឡើង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្នុងសាកលវិទ្យាល័យផារាហ្គនអន្តរជាតិ ដើម្បីឲ្យបេក្ខជនយល់កាន់តែច្បាស់ អំពីកម្មវិធី និងធ្វើការចាប់ក្រុម

២៖ ថ្ងៃ Hackathon ដែលនឹងប្រារព្វនៅថ្ងៃទី៦ រហូតដល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅ Raintree, ដោយក្នុងរយៈពេល២ថ្ងៃកន្លះ បេក្ខជននឹងធ្វើការសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយថ្នាលឌីជីថលដែលអាចជាសេវាកម្ម ឬដំណោះស្រាយផ្តល់ជូនដល់អាជីវកម្មផ្សេងទៀត (B2B), និងថ្ងៃនៃបទបង្ហាញ ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Turing Hackathon រដូវកាលទី២ នឹងប្រារព្វឡើងចាប់ពីម៉ោង ២៖០០រសៀល រហូតដល់ម៉ោង ៦:00ល្ងាច ក្នុងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដែលក្នុងនោះ ក្រុមបេក្ខជននឹងធ្វើបទបង្ហាញស្តីពីដំណោះស្រាយគម្រូរបស់ខ្លួនទៅកាន់គណៈកម្មការ។

នៅចុងបញ្ចប់នៃកម្មវិធី ក្រុមបេក្ខជនចំនួន៥ក្រុម នឹងក្លាយជាម្ចាស់ជ័យលាភី និងទទួលប្រាក់រង្វាន់ ព្រមជាមួយនឹងឱកាស ចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ដើម្បីជម្រុញឱ្យមានការអភិវឌ្ឍខ្លួនកាន់តែប្រសើរមួយកម្រិតទៀត។

ថ្ងៃនៃបទបង្ហាញ នឹងមានការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ផងដែរ ចាប់ពីម៉ោង ២៖០០រសៀល រហូតដល់ម៉ោង ៦៖00ល្ងាច ក្នុងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងតាមដានការផ្សាយផ្ទាល់កុំបីអាក់ខាន។

កម្មវិធី Turing Hackathon រដូវកាលទី២ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», និងសហការរៀបចំកម្មវិធីដោយ សហគ្រិនខ្មែរ, សាកលវិទ្យាល័យ ផារាហ្គនអន្តរជាតិ។ អ្នកឧបត្ថម្ភកម្មវិធីនេះរួមមាន៖ ធនាគារ វីង (ខេមបូឌា) ម.ក, អ្នកសហការឧបត្ថម្ភ Platinum៖ Huawei Cambodia និងអ្នកសហការឧបត្ថម្ភ Gold៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា៕