(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណថា ការផលិតឧស្ម័នអុកស៉ីហ្សែននៅលើផែនដីយើងនេះប្រមាណជា ៥០-៨០ភាគរយគឺ ទទួលបានមកពីមហាសមុទ្រ។ ផលិតកម្មអុកស៉ីសែននេះភាគច្រើនមានប្រភពចេញពីពពួកផ្លុងតុង (Plankton) ដែលស្ថិតក្នុងមហាសមុទ្រ រួមមានដូចជាពពួករុក្ខជាតិរសាត់អណ្ដែត ស្លែ សារាយសមុទ្រ ព្រមទាំងបាក់តេរីផ្សេងៗដែលអាចធ្វើរស្មីសំយោគ។

អម្បូរបាក់តេរីម៉្យាងហៅថា ប្រូក្លរ៉ូកូកឺស (Prochlorococcus) ជាសារពាង្គកាយមានទំហំតូចបំផុតលើផែនដី ដែលអាចធ្វើរស្មីសំយោគបាន។ ប៉ុន្តែបាក់តេរីដ៏តូចនេះអាចផលិតអុកស៉ីហ្សែនបានរហូតដល់ទៅ ២០ភាគរយនៃបរិមាណអុកស៉ីហ្សែននៅក្នុងតំបន់ បាយអូស្វៀរ (Biosphere) របស់ផែនដី គឺវាជាអត្រាខ្ពស់ជាងកម្រិតអុកស៉ីហ្សែន ដែលព្រៃទាក់ទាញទឹកភ្លៀងទាំងអស់នៅជុំវិញពិភពលោក អាចផលិតបានទៅទៀត។

ភាគរយនៃអុកស៉ីហ្សែនដែលផលិតនៅក្នុងមហាសមុទ្រ គឺពិបាកនឹងគណនាឲ្យចេញតម្លៃជាក់លាក់ណាស់ ពីព្រោះថាបរិមាណនៃការផលិតរបស់វា តែងមានការផ្លាស់ប្ដូរប្រែប្រួលជាប្រចាំ។ អ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីធ្វើការតាមដានពពួកផ្លុងតុងដែលធ្វើរស្មីសំយោគ ហើយប៉ាន់ស្មានបរិមាណនៃការធ្វើរស្មីសំយោគ ដែលកើតឡើងក្នុងមហាសមុទ្រ ប៉ុន្តែការប្រើប្រាស់រូបភាពពីផ្កាយរណប មិនអាចប្រាប់ពីស្ថានភាពទាំងស្រុងបាននោះទេ។

បរិមាណពពួកផ្លុងតុងទាំងនេះ ក៏តែងតែមានការប្រែប្រួលទៅតាមរដូវកាលជានិច្ចផងដែរ និងដោយសារបរិមាណនៃសារធាតុចិញ្ចឹម ក៏ដូចជាសីតុណ្ហភាពនៅក្នុងទឹក ព្រមទាំងកត្តាជាច្រើនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវបានបង្ហាញដែរថា បរិមាណអុកស៉ីសែននៅតាមកន្លែងខ្លះ គឺមានការប្រែប្រួលទៅតាមពេលវេលា និងជំនោររបស់ទឹកសមុទ្រ។

ចូរចាំថាបើទោះបីជាមហាសមុទ្រ ជាកន្លែងផលិតអុកស៉ីហ្សែនបានយ៉ាងហោច ៥០ភាគរយនៃបរិមាណអុកស៉ីសែន នៅលើផែនដីក៏ពិតមែន ប៉ុន្តែពពួកជីវិតនៅក្នុងមហាសមុទ្រ ក៏ចាំបាច់ត្រូវការប្រើប្រាស់ក្នុងអុកស៉ីហ្សែន ក្នុងបរិមាណប្រហាក់ប្រហែលគ្នាដែរ។ ដូចសត្វនិងរុក្ខជាតិលើគោកដែរ គឺសត្វនិងរុក្ខជាតិនៅក្នុងសមុទ្រ សុទ្ធតែត្រូវការអុកស៉ីហ្សែន។ ម៉្យាងវិញទៀត នៅពេលពួកវាងាប់ហើយរលួយពុកនៅក្នុងមហាសមុទ្រ ក៏ត្រូវការប្រើអុកស៉ីហ្សែនដែរ។

ប្រការនេះអាចបង្កបញ្ហាជាពិសេស នៅកន្លែងមានស្លែឬសារាយសមុទ្រច្រើនប្រមូលផ្តុំច្រើនកកកុញ។ នៅពេលដែលរុក្ខជាតិទាំងនេះងាប់ ដំណើរការរលាយខ្លួនរបស់វាអាចប្រើប្រាស់អុកស៉ីហ្សែន លឿនជាងបរិមាណអុកស៉ីហ្សែនដែលផលិតឡើង។ នៅពេលរឿងនេះកើតឡើង វានឹងបង្កើតជាតំបន់ដែលមានអុកស៉ីហ្សែនទាប ហៅថា ហាយផូសៀ (Hypoxia)។

គួរជម្រាបថា តំបន់នេះជារឿយៗត្រូវគេហៅថាជា «តំបន់ខ្មោច» ដោយសារមានកម្រិតអុកស៉ីហ្សែនគឺទាបពេក ពុំអាចទ្រទ្រង់ជីវិតភាគច្រើន នៅក្នុងមហាសមុទ្របាន។ មជ្ឈមណ្ឌលផ្នែកវិទ្យាសាស្រ្តមហាសមុទ្ររបស់សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំង ព្យាករណ៍លើកន្លែងដែលមានការីករាលដាលនៃវត្តមានស្លែ-សារាយសមុទ្រ រួមជាមួយតំបន់ Hypoxia ដើម្បីកាត់បន្ថយការប៉ះពាល់ចំពោះ ប្រព័ន្ធអេកូឡូស៊ីនៅក្នុងមហាសមុទ្រ៕