(ភ្នំពេញ)៖ ផលិតករភាពយន្តដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា គឺលោក លៀក លីដា បានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាលអនុញ្ញាតឲ្យទស្សនិកជន បានចូលទស្សនាផ្ទាល់ក្នុងរោងភាពយន្តបាន១០០% ក្ដី ប៉ុន្តែស្ថានភាពភាពយន្តនៅកម្ពុជា មិនទាន់ល្អប្រសើរនៅឡើយ ប្រសិនបើពុំមានការគាំពារ ឬគាំទ្រឲ្យពេញទំហឹងពីក្រសួងពាក់ព័ន្ធ ជាពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអ្នកគ្រប់គ្រងលើវិស័យសិល្បៈភាពយន្តទាំងមូលនោះទេ។

ជាផលិតករភាពយន្ត និងជាចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា បើទោះបីជាថ្មីៗនេះ រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យមានអ្នកចូលទស្សនាភាពយន្ត នៅក្នុងរោងភាពយន្តបានដូចដើម ពោលគឺ១០០ភាគរយក្ដី ប៉ុន្តែលោកនៅតែមើលឃើញថា ភាពរីកចម្រើនរបស់ភាពយន្តនៅកម្ពុជា គឺនៅតែមានកម្រិតនៅឡើយ ហើយត្រូវការការចូលរួមគាំពារគាំទ្រឲ្យខ្លាំងក្លាបន្ថែមទៀត ពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែម្ដង។

លោក លៀក លីដា និយាយថា «ខ្ញុំគិតថា បើទោះបីជារោងភាពយន្តបើក១០០ភាគរយក្ដី ក៏ស្ថានភាពភាពយន្តនៅកម្ពុជា មិនទាន់ល្អប្រសើរឡើងវិញដែរ ដរាបណាផលិតករពុំមានការគាំពារ ឬក៏ការចេញនូវគោលការណ៍ ច្បាស់លាស់ណាមួយ ដើម្បីគាំទ្រផលិតករខ្មែរពីសំណាក់រាជរដ្ឋាភិបាល ឬក៏ក្រសួងវប្បធម៌ដែលជាមាតាបិតារបស់ផលិតករ..!»

ផលិតករមានបទពិសោធផលិតភាពយន្តយូរឆ្នាំរូបនេះ បានបន្តថា ថ្មីៗនេះផលិតករទាំងអស់បានជួបប្រជុំគ្នា រិះរកដំណោះស្រាយបន្ថែម ដើម្បីលើកជាសំណើរ ក៏ដូចជាសំណូមពរមួយចំនួន ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យជួយស្រោចស្រង់ដល់វិស័យសិល្បៈភាពយន្ត និងជួយដល់ផលិតករទាំងអស់ ដែលកំពុងតែជួបប្រទះនូវបញ្ហាប្រឈមនានា ឲ្យមានតម្លៃឡើងវិញ ដែលនៅក្នុងនោះ ក៏មានគោលការណ៍ជាច្រើនចំណុចដាក់ជូនទៅក្រសួង ដើម្បីដោះស្រាយផងដែរ។

លោក លៀក លីដា និយាយបន្តថា «សម្រាប់សំណូពរ គឺមាន ប៉ុន្តែមិនមែនសំណូមពរសម្រាប់តែខ្ញុំម្នាក់ទេ គឺចេញពីផលិតករ និងសិល្បករ-សិល្បការិនីទាំងអស់ ដែលយើងកំពុងតែរៀបចំប្រមូលផ្ដុំ ហើយយើងធ្វើលិខិតមួយ ស្នើទៅក្រសួងដែលពាក់ព័ន្ធ ឲ្យគាត់ជួយស្រោចស្រង់បន្ទាន់ នូវវិស័យភាពយន្តជាតិរបស់យើង និងវិស័យសិល្បៈជាតិរបស់យើងឲ្យមានតម្លៃឡើងវិញ ដោយយើងមានគោលការណ៍ ៤ទៅ៥ចំណុច ដើម្បីឲ្យក្រសួងដែលពាក់ព័ន្ធជួយជាបន្ទាន់។ យើងកំពុងតែរៀបចំ ហើយខ្ញុំក៏មិនទាន់ដឹងថា មានគោលការណ៍អ្វីខ្លះទេ ដោយយើងកំពុងតែរៀបចំឯកសារ និងរៀបចំសំឡេងគាំទ្រ ដើម្បីស្នើសុំ..!»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ អាចឲ្យមានអ្នកចូលទស្សនា ១០០ភាគរយឡើងវិញ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាបានធូរស្បើយ។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា៕