(ភ្នំពេញ)៖ គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃនេះ បានជួបប្រជុំជាមួយនឹងថ្នាក់គ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៉ីមកាត ដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៉ិនធឹណិត ចំនួន ៧០០ ស៉ីម ដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា សម្រាប់ការប្រើប្រាស់អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

គួរជម្រាបថា អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ ដល់ ២៣ ខែឧសភា ឆ្នាំ២០២២។

ជាការជួយគាំទ្រដល់អត្តពលិក និងគណៈប្រតិភូកម្ពុជាក្នុងការចូលរួមបេសកកម្មកីឡានៅប្រទេសវៀតណាមនោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានជួយផ្ដល់ស៉ីមកាត ដែលអាចប្រើប្រាស់សេវាហៅឆ្លងប្រទេស និងអ៉ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញសម្រាប់ឲ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពេលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម។

លោក កៅ ម៉ាញ ឌឹក បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនឯកជនមួយដែលធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សហើយនោះ ក្រុមហ៊ុនមិត្តហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៉ីមកាត ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ទូរសព្ទ និងសេវាអ៉ិនធឹណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី ៣១ នៅក្នុងប្រទេសវៀតណាម»

លោកបានបន្តទៀតថា៖ «យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរដោយសុវត្ថិភាព និងពាំនាំមកនូវជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី ៣២ នៅឆ្នាំ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»

មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនបំផុត សម្រាប់បម្រើសេវាជូនប្រជាជនកម្ពុជាប្រមាណ ៩ លាននាក់៕