(ភ្នំពេញ)៖ ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារឆ្លាតដែលបានធ្វើឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន YCH Group ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាភ័ស្តុភារ និងខ្សែច្រវាក់ផ្គត់ផ្គង់រួមឈានមុខមួយនៅក្នុងទ្វីបអាស៊ី និងក្រុមហ៊ុន WorldBridge Group ជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញផ្នែកអភិវឌ្ឍន៍ភាពជាដៃគូអន្តរជាតិលើវិស័យចម្រុះនានា រួមទាំងភ័ស្តុភារ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ត្រូវបានប្រកាសចាប់ផ្ដើមដំណើរការជាផ្លូវការហើយ។

ការចុះ MoU ដែលធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានធ្វើជាសាក្សី។

នេះក៏ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលបានចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុន YCH Singapore ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដែលបានអនុម័ត ជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងសិង្ហបុរី នាឱកាសគម្របខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅក្នុងឆ្នាំ២០២១។

ចក្ខុវិស័យនៃមជ្ឈមណ្ឌលភ័ស្តុភារកម្មអនុតំបន់នេះមានគោលបំណងយុទ្ធសាស្ត្រចំនួន៣៖ ទី១៖ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់, ទី២៖ ធ្វើជាមហាអនុតំបន់ទន្លេមេគង្គ និងធ្វើការកែលម្អការតភ្ជាប់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មពិភពលោក និងទី៣៖ ទាក់ទាញ
វិនិយោគិនបន្ថែមទៀតឱ្យមកបង្កើតអាជីវកម្ម និងរោងចក្រផលិតកម្មនៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងក្លាយជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងលំហូរពាណិជ្ជកម្មក្នុងតំបន់កាន់តែទូលំទូលាយថែមទៀត ជាពិសេសនៅក្នុងចំណោមបណ្ដាប្រទេសទន្លេមេគង្គនៅក្នុងតំបន់អាស៊ាន។ PPLC មានគោលបំណងពង្រឹងជំហររបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលភ័ស្តុភារកម្មថ្នាក់តំបន់ ជាមួយនឹងភ័ស្តុភារកម្មដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការជំរុញការសម្រេចគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។

ក្រោម MoU នេះ ក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group នឹងសហការគ្នាអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ក្រោមវិសាលភាពការងារដែលមានចែងក្នុងកិច្ចព្រមព្រៀង ក្របខ័ណ្ឌ ក៏ដូចជាបង្កើតគំរូអាជីវកម្មផ្សេងៗទៀតផងដែរ។ នៅពេលការអភិវឌ្ឍនេះបញ្ចប់រួចរាល់ មជ្ឈមណ្ឌលនេះ នឹងលេចចេញជាហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្មឆ្លាតវៃដ៏ទំនើបបំផុត ដោយជាទីតាំងឧស្សាហកម្មនៅជាប់គ្នា ដើម្បីបង្កើនសមត្ថភាពភ័ស្តុភារថ្មីនេះ។

លើសពីនោះ នឹងមានបំពាក់នូវបច្ចេកវិជ្ជាភ័ស្តុភារថ្មីទំនើបចុងក្រោយបង្អស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើនភាពធន់ និងមុខមាត់ភ័ស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់ ដោយការគ្រប់គ្រងលំហូរសកម្មភាពភ័ស្តុភារ និងច្រវាក់ផ្គត់ផ្គង់សម្រាប់ប្រទេសកម្ពុជា ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលផ្តល់លទ្ធភាពដ៏អស្ចារ្យនៅក្នុងការអភិវឌ្ឍជំនាញផ្នែកភ័ស្ដុភារ និងខ្សែច្រវាក់ផ្គត់ផ្គង់នាពេលអនាគតផងដែរ។

ភាពជាដៃគូនេះ គឺជាការពង្រឹងបន្ថែមនូវអាណត្តិនៃគំនិតផ្ដួចផ្ដើមភ្ជាប់ទំនាក់ទំនងដើម្បីកំណើនឆ្លាតវៃ1 (SG ConnectTM) របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (អាស៊ាន BAC) ក៏ដូចជា បណ្ដាញភ័ស្តុភារឆ្លាតវៃអាស៊ាន (ASLN)2។ ក្នុងនាមជាគម្រោងទី២ ក្រោមគំនិតផ្តួចផ្តើមទាំងពីរនេះ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ជាគម្រោងសំខាន់មួយក្នុងការពង្រីកទីក្រុង និងជំរុញការតភ្ជាប់ទំនាក់ទំនងដោយរលូននៅក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ គិតចាប់ពីពេលអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)។

លោកបន្តថា «យើងមានក្តីសោមនស្សរីករាយដែលបានមើលឃើញពីវឌ្ឍនភាពដ៏ឆាប់រហ័សនៃគម្រោងនេះ ដើម្បីជួយពន្លឿន ការឆ្ពោះទៅសម្រេចគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសសេដ្ឋកិច្ចមានការប្រកួតប្រជែង ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មអនុតំបន់ ដែលជាផ្នែកមួយនៃផែនការមេ ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្មពហុគំរូ»។

លោកបណ្ឌិត Robert Yap ប្រធានប្រតិបត្តិក្រុមហ៊ុន YCH Group បានថ្លែងថា ភាពជាដៃគូថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការពង្រឹងបន្ថែម និងអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងផ្នែកភ័ស្តុភារ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងតំបន់អាស៊ាន។

លោកបន្តថា «យើងពិតជាមានកិត្តិយស ដែលមានការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា តាមរយៈការសាងសង់មជ្ឈមណ្ឌលភ័ស្តុភារកម្មឆ្លាតវៃលំដាប់ថ្នាក់ពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈសមត្ថភាពរបស់ក្រុមហ៊ុន WorldBridge Group ក្នុងប្រែក្លាយមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ឱ្យមានដំណើរការដោយជោគជ័យ។ យើងរួមគ្នាធ្វើកិច្ចការដើម្បីសម្រេចនូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងនេះ ដែលនឹងបង្កើនលំហូរពាណិជ្ជកម្មនៅក្នុងអាស៊ាន ក៏ដូចជាមកពីតំបន់ផ្សេងៗទៀតមកកាន់កម្ពុជាកាន់តែច្រើនឡើង»។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge បានថ្លែងផងដែរថា «យើងមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងដោយក្រុមហ៊ុន YCH Group និងដែលបានចូលរួមចំណែកនូវជំនាញរបស់យើងក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ជាគម្រោងជាតិដែលនឹងមានឥទ្ធិពលវិជ្ជមានមិនអាចកាត់ថ្លៃបានចំពោះសុខភាពសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកកម្ពុជា យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថាជំនាញរបស់យើងក្នុងការអភិវឌ្ឍផ្នែកភ័ស្តុភារ និងឧស្សាហកម្មនឹងក្លាយជាដៃគូដ៏មានតម្លៃចំពោះក្រុមហ៊ុន YCH ហើយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមទៀត»។

លោក Lavan Thiru នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia បានឲ្យដឹងថា «យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្នុងការបន្តដើរតួនាទីជាតួអង្គជំរុញក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ»។

កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ជាជំហានថ្មីទៀតក្នុងការពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់កំណើនសង្គមសេដ្ឋកិច្ច របស់កម្ពុជា និងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌល
ភ័ស្តុភារកម្មថ្នាក់តំបន់៕