(ភ្នំពេញ)៖ ក្រុមហ៊ុន អូ អឹម ស៊ី នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បានប្រគល់ទូរទឹកកកចំនួន ១០០គ្រឿង និងទូរទស្សន៍ ចំនួន ១០០គ្រឿង ជូនមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ប្រើប្រាស់ក្នុងតម្រូវការចាំបាច់នានា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើរវាងលោកឧកញ៉ា ស៊ីវ ថៃ នាយកក្រុមហ៊ុន អូ អឹម ស៊ី, លោកស្រី ថៃ វិឡាល័យ និងលោកសាស្ត្រចារ្យ ឈា រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ថៃ វិឡាល័យ តំណាងក្រុមហ៊ុន អូ អឹម ស៉ី មានប្រសាសន៏ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន វិស័យសុខាភិបាល គឺជាវិស័យមួយដ៏មានសារៈសំខាន់បំផុត និងជាអាទិភាពដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសារណៈឱ្យបានល្អ បម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនក៏ដូចជាសង្គមជាតិទាំងមូល។

លោកស្រីបានបន្តថា ទន្ទឹមនេះមន្ទីរពេទ្យកាល់ម៉ែត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺជូនប្រជាជនទូទៅរួមទាំងគ្រួសារលោកជំទាវផងដែរ ជាពិសេសបំផុតបានចូលរួមព្យាបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងប្រជាជនយ៉ាងសកម្មបំផុត។

បន្ថែមពីនេះ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ជាតថភាពមិនអាចបដិសេធបាន, ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងសហការីដ៏ឆ្នើម មន្ទីរពេទ្យកាល់ម៉ែត បានធ្វើការអភិវឌ្ឍ និងពង្រីកសេវាសុខាភិបាលរបស់ខ្លួនបានយ៉ាងល្អប្រសើរ, ជាក់ស្ដែងការសាងសង់ និងបំពាក់ឧបករណ៍, សម្ភារៈ បច្ចេកវិទ្យាទំនើបៗ ដាក់ឱ្យដំណើរការព្យាបាលជំងឺដែលមានស្តង់ដារ និងបច្ចេកទេសខ្ពស់ បានបង្ហាញឱ្យឃើញពីសក្តានុពល និងតម្រូវការចំពោះមុខសម្រាប់ពង្រីកសេវាព្យាបាលសាធារណៈប្រកបដោយវិជ្ជាជីវៈ ព្រមទាំងទទួលបាននូវទំនុកចិត្ត និងការកោតសរសើរខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ។

លោកស្រីបានគូសបញ្ជាក់ថា៖ «ឆ្លៀតក្នុងឱកាសនេះ ដើម្បីចូលរួមចំណែកជាមួយឯកឧត្តមសាស្ត្រាចារ្យ ក្នុងការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែតឱ្យកាន់តែប្រសើរនោះ យើងខ្ញុំក្នុងនាមក្រុមហ៊ុន អូ អឹម ស៊ី ក៏ដូចជាលោកឪពុក ឧកញ៉ា ស៊ីវ ថៃ និង អ្នកម្តាយ សូមប្រគល់ជូនសម្ភារៈ បរិក្ខារដែលរួមមានទូរទឹកកក ១០០គ្រឿង និងទូរទស្សន៍ ១០០គ្រឿង ដើម្បីបំពាក់តាមបន្ទប់សំរាកព្យាបាល ឬទៅតាមសេចក្តីត្រូវការរបស់ឯកឧត្តមសាស្រ្តាចារ្យតាមការគួរ»

បើតាមលោកសាស្ត្រចារ្យ ឈាង រ៉ា បានថ្លែងថា សម្រាប់សម្ភារដែលក្រុមហ៊ុន អូ អឹម ស៊ី ប្រគល់ជូនមន្ទីរពេទ្យកាល់ម៉ែត ពិតជាបានចូលរួមចំណែកទាន់ពេលវេលា ដើម្បីបំពាក់នៅក្នុងអគារតេជោអភិវឌ្ឍន៍ ដែលជាគម្រោងអភិឌ្ឍន៍ ដែលជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះ ការចូលរួមឧបត្ថម្ភនាពេលនេះ ពិតជាចំពេលវេលានៃតម្រូវការប្រើប្រាស់ក្នុងបន្ទប់ទាំងឡាយនៃអគារនេះ។

លោកសាស្ត្រចារ្យ ឈាង រ៉ា បានបង្ហាញក្តីរំភើបចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន អូ អឹម ស៊ី នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបាន ស្របតាមប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិខ្មែរ ដែលមានវប្បធម៌ចែករំលែកគ្នាទៅវិញទៅមក ដូច្នេះ តាមរយៈការឧបត្ថម្ភសម្ភារនាពេលនេះ គឺសញ្ញាណមួយបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាទាំងមូល។