(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅនៅសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃខាងមុខឆាប់ៗនេះ។ អមដំណើរលោកស្រីរដ្ឋមន្ត្រីនាឱកាសនោះមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិ អគ្គនាយករង មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរាបានបង្កើតសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ដោយមានរៀបចំជាសួនសំខាន់ៗជាច្រើន ក្នុងនោះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗរាប់ម៉ឺនដើម មានប្រភេទរុក្ខជាតិសរុបជាង៥០០ប្រភេទផ្សេងៗគ្នា។
នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗចំនួន៥សួន បានបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងសត្វព្រៃអង្គរជាដើម ដោយសួនទាំងនោះមានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ៕