(អាមេរិក)៖ បន្ទាប់ពីពន្យារពេលចាក់បញ្ចាំងជាច្រើនលើក ដោយសារកូវីដ-១៩ នៅទីបំផុត ខ្សែភាពយន្ត «Top Gun: Maverick» ដែលសម្តែងដោយតារាហូលីវូដល្បីឈ្មោះ Tom Cruise បានបើកសម្ពោធចាក់បញ្ចាំង នៅរោងភាពយន្តជាផ្លូវការហើយ។ អ្វីដែលអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ Tom Cruise បានបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធ ដោយធ្វើដំណើរមកតាមរយៈ ការជិះឧទ្ធម្ភាគចក្រក្នុងភាពយន្ត មកដល់ស្ថានីយនៅ San Diego ដែលស្ថិតនៅភាគខាងជើង រោងភាពយន្ត Lowry Theater។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International the News នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ភាពយន្តនេះកើតមានឡើងជាង៣ ទសវត្សរ៍ បន្ទាប់ពីរឿង «Top Gun» ដើមឆ្នាំ១៩៨៦ ខណៈដែលតារាប្រុស Cruise រំភើបចិត្តជាខ្លាំង ក្នុងការបង្ហាញទស្សនិកជននូវខ្សែភាពយន្តថ្មីរបស់ខ្លួនបន្ថែមទៀតនៅពេលនេះ។ យ៉ាងណាមិញ តាមរយៈការបង្ហាញខ្លួន ដោយរូបរាងសង្ហារនៅពេលនេះ Tom Cruise បានប្រាប់ទៅកាន់អ្នកគាំទ្រនៅទីនោះថា «តើអ្នកទាំងអស់គ្នាចង់ទស្សនាភាពយន្តនៅក្នុងរោងភាពយន្តទេ? តោះធ្វើវា...»

យ៉ាងណាមិញសម្រាប់តារាសម្តែងផ្សេងទៀត ដែលមានវត្តមានក្នុងខ្សែភាពយន្តនេះ ក៏បានបង្ហាញវត្តមានជាមួយ Tom Cruise នៅលើកម្រាលព្រំក្រហមផងដែរ។ Top Gun: Maverick គ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២២នេះ ដោយត្រូវបានគេរំពឹងថា នឹងផ្ទុះខ្លាំង ក្នុងឆ្នាំ២០២២នេះ ខណៈបានពន្យារពេលចាក់បញ្ចាំងជាង២ឆ្នាំ ដោយសារកូវីដ-១៩ និងមានទស្សនិកជនជាច្រើននាក់ជុំវិញពិភពលោករង់ចាំទស្សនា៕