(រ៉ូម)៖ លោក Jose Mourinho បានសប្បាយចិត្តរហូតហូរទឹកភ្នែក នៅពេលក្រុម AS Roma ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Europa Conference League 2021-2022 នៅពេលយកឈ្នះក្រុមទៅពីអង់គ្លេស Leicester City ក្នុងលទ្ធផល ១ទល់នឹង០ បញ្ចប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយនារាត្រីឆ្លងចូលថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

១គ្រាប់តែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Tammy Abraham នៅពេលទទួលបាល់លើកចេញពីជ្រុងនៅនាទី១១ ធ្វើឲ្យក្រុមដែលដឹកនាំដោយបុរសសញ្ជាតិព័រទុយហ្គាល់ Jose ឈ្នះ Leicester City ២ទល់នឹង១ សរុបលទ្ធផលទាំងពីរជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

ថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតពីសំណាក់លោក Jose Mourinho បានឲ្យដឹងថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ ក៏ព្រោះតែយើងចាត់ទុកថា នេះជាប្រកួត Champions League។ កន្លងមកខ្ញុំបានទន្ទឹងរង់ចាំថ្ងៃពិសេសនេះមកដល់ ហើយនៅពេលនេះ ពួកយើងគឺធ្វើបានហើយ និងស័ក្តិសមបំផុតព្រោះ Roma ជាក្លិបធំប្រចាំទីក្រុង Rome នៃប្រទេសអ៉ីតាលី»

នេះមានន័យថា លោក Jose Mourinho បានក្លាយជាអ្នកចាត់ការទូទៅទី១ ដែលឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពានអឺរ៉ុប ជាមួយនឹងការដឹកនាំ ៤ក្លិបផ្សេងគ្នា ដែលត្រូវតតាំងទល់នឹងក្រុម Feyenoord របស់ហូឡង់ដណ្តើមពាន Conference League នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Tirana ប្រទេសអាល់បានី ដ្បិតរូបលោកធ្លាប់ឈ្នះពានធំ UEFA Champions League ២ដងរួចហើយ ក្នុងនាមជាគ្រូបង្វឹកលេចធ្លោមួយរូបផងដែរ៕