(ភ្នំពេញ)៖ លោកស្រី ពុធ ធីតា អនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងជាប្រធានក្លិបបាល់ទាត់បឹងកេត រំពឹងថា កម្មវិធីបាល់ទាត់កុមារីកម្ពុជា Girls Onside Football Cambodia (GOFC) នឹងរួមចំណែកជួយលើកកម្ពស់ និងការអភិវឌ្ឍវិស័យបាល់ទាត់នារីកម្ពុជាកាន់តែរីកចម្រើននាថ្ងៃអនាគត។

ការលើកឡើងនេះ បន្ទាប់ពីកម្មវិធីខាងលើត្រូវបានប្រកាសបើកដំណើរការផ្លូវការ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួម និងគាំទ្រជាច្រើនពីបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជា Cambodian Premier League ក៏ដូចជាក្លិបសមាជិកលីគទី២ Cambodian League 2 ដោយបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះកម្មវិធីនេះសម្រាប់វិស័យបាល់ទាត់នារីកម្ពុជា។

មន្ដ្រី FFC ដដែលបន្ដថា មូលដ្ឋានគ្រឹះនៃបាល់ទាត់ គឺមានសារៈសំខាន់ណាស់សម្រាប់កុមារីកម្ពុជា ហើយវាក៏នឹងជួយអភិវឌ្ឍន៍បាល់ទាត់នារីកក្នុងប្រទេសកម្ពុជាផងដែរ។ ហេតុនេះ លោកស្រីបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការរៀបចំកម្មវិធីនេះ និងបានលើកទឹកចិត្ត ហើយបានអំពាវនាវឲ្យកុមារី ក៏ដូចជាយុវតីចូលរួមលេងកីឡា ដើម្បីអនាគតកម្ពុជាសម្បូធនធានកីឡាការិនីល្អៗ ដូចបុរសទៀតផង។

លោកស្រី ពុធ ធីតា បានបញ្ជាក់ថា «តាមរយៈការប្រកួតនេះ នឹងក្លាយជាចំណែកមួយដែលជួយអភិវឌ្ឍន៍បាល់ទាត់នារីក្រុមប្រទេសរបស់យើង ដើម្បីចេញទៅប្រកួតលើឆាកអន្ដរជាតិ ព្រោះយើងនៅខ្វះខាតច្រើន។ អ៊ីចឹងកម្មវិធីនេះ គឺល្អមែនទែន ដើម្បីលើកកម្ពស់ និងការអភិវឌ្ឍបាល់ទាត់នារីកម្ពុជារបស់យើង»

សម្រាប់កម្មវិធីបាល់ទាត់កុមារីក្រោមអាយុ ១២ឆ្នាំដែលកំណត់ឲ្យមានការចូលរួមស្ថិតក្នុងអាយុចន្លោះពី ៦ ទៅ ១២ឆ្នាំខាងលើ នឹងចាប់ផ្ដើមធ្វើកម្មវិធីហ្វឹកហាត់ ឬ Camping លើកដំបូងនៅកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្លិប CIS Roller Dome និងក្លិប DIB Club៕