(បរទេស)៖ ធ្លាប់ប្រើ YouTube Go ដែរទេ? YouTube Go ត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៦ ដោយបង្កើតឡើងផ្តោតសំខាន់ទៅនឹងស្មាតហ្វូន Android ដែលមាន RAM ទាបនឹងត្រូវការប្រើប្រាស់សេវាអ៊ីនធឺណេតខ្ពស់ ជាពិសេសនៅតំបន់ដែលជួបបញ្ហាក្នុងការតភ្ជាប់អ៊ីនធឺណេត ដោយឡែកថ្មីៗនេះ YouTube ស្រាប់តែប្រកាសសម្រេចចិត្តបិទកម្មវិធីនេះទៅវិញ ចាប់ពីខែសីហាខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

ហេតុផលចម្បងនៅពីក្រោយការបើកដំណើរការ YouTube Go គឺដើម្បីជួយអ្នកប្រើប្រាស់សន្សំការប្រើប្រាស់ទិន្នន័យរបស់ពួកគេ ដែលធ្លាប់ជាផ្នែកមួយខ្ពស់ជាមួយនឹងការផ្សាយវីដេអូ នឹងទាមទារឱ្យមានសេវាអ៊ីនធឺណេតខ្លាំង។ ដោយលក្ខណៈពិសេសរបស់កម្មវិធីនេះគឺ អ្នកប្រើប្រាស់អាចមើលវីដេអូដែលមានទំហំធំៗបាន ថែមទាំងអាចទាញយកវីដេអូទុកមើលពេលគ្មានអ៊ីនធឺណេតបានថែមទៀតផង។

យ៉ាងណាមិញ YouTube បានធ្វើសេចក្តីប្រកាសដោយជម្រុញឱ្យអ្នកប្រើប្រាស់ YouTube Go សម្រាប់ Android ទាំងអស់ងាកទៅប្រើ YouTube ដើមដែលយើងកំពុងប្រើនាពេលបច្ចុប្បន្នវិញដោយវាមានមុខងារជាច្រើនដែលនៅក្នុង YouTube Go មិនមានដូចជា comment, post ,create content និង Dark Mode។

ដោយក្នុងនោះ YouTube ក៏បានបញ្ជាក់ដែលថា ខ្លួនបានចាប់ផ្តើមពង្រឹងសមត្ថភាពសេវាអ៊ីនធឺណេតក៏ដូចកែលម្អទៅលើ YouTube ដើមដែលប្រើប្រាស់សព្វថ្ងៃនេះជាពិសេសនៅលើស្មាតហ្វូនកម្រិតទាបបើទោះជាមានបញ្ហាអ៊ីនធឺណេតខ្សោយបន្តិចក៏នៅតែអាចមើលបានដដែល។ ដូច្នេះ YouTube Go នឹងលែងមានវត្តមាននៅលើ Android ទៀតហើយចាប់ពីខែសីហាទៅគឺមានតែ Main YouTube តែមួយគត់៕