(ភ្នំពេញ)៖ ក្រុមតារាល្បីៗមកពី ៦ប្រទេស រួមមានកម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា នឹងចូលរួមការប្រកួតកីឡាអេឡិតត្រូនិក All-Star Showdown 2022 លើវិញ្ញាសា Mobile Legends Bang Bang ខណៈក្រុមកីឡាអេឡិចត្រូនិក All-Star កម្ពុជា នឹងដឹកនាំក្រុមដោយតារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា គឺលោក ថេណា។

ព្រឹត្តិការណ៍ All-Star Showdown 2022 គឺជាការប្រកួតកីឡាអេឡិចត្រូនិកបែបកម្សាន្ដលើកដំបូង ដែលប្រមូលផ្ដុំដោយតារាល្បីៗ ពិធីករ-ពិធីការិនីកីឡាអេឡិចត្រូនិក និងអ្នកនិយមលេងកីឡាតាមបច្ចេកវិទ្យានេះ តាមបណ្ដាប្រទេសទាំង ៦ខាងលើចូលរួមប្រកួតប្រជែង ដ្បិតកម្មវិធីនេះ គឺបែងចែកការប្រកួតជា ២ដំណាក់កាល។

សម្រាប់ដំណាក់កាលទី១ អ្នកគាំទ្រ និងអ្នកស្រឡាញ់ពេញចិត្តកីឡាអេឡិចត្រូនិក គឺបានឃើញក្រុម All Star ប្រមាណ ២១០នាក់មកពីប្រទេសខុសៗគ្នា ដូចជា Jess No Limit, ChooxTV, Akosi Dogie, Icefrogz ជាដើម ត្រូវបានបែងចែកជាក្រុម សម្រាប់ឲ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើសយកក្រុមសំណព្វចិត្តរបស់ខ្លួន ដើម្បីបន្ដដំណើរទៅប្រកួតដំណាក់កាលក្នុងស្រុក។

បន្ទាប់ពីធ្វើការប្រកួតក្នុងស្រុក ក្នុងចំណោមបេក្ខភាពកំពូលទាំង ៤ក្រុមហើយ លទ្ធផលនៃការប្រកួតនេះនឹងត្រូវប្រកាសនាថ្ងៃទី១០ ខែឧសភាខាងមុខ ហើយក្រុមឈ្នះនឹងចូលរួមក្នុងព្រឹត្តិការណ៍ All Star អន្តរជាតិ ដែលចូលរួមដោយក្រុមឈ្នះទាំង ៥មកពីប្រទេសផ្សេងៗគ្នា ព្រមទាំងបុគ្គលល្បីៗជាច្រើនរូបមកពីប្រទេសទាំងនោះផងដែរ។

សម្រាប់ដំណាក់កាលទី២ ឬការប្រកួត All Star 2022 នឹងធ្វើការប្រកួតនាថ្ងៃទី១៥ ខែឧសភាខាងមុខ ដែលជាដំណាក់កាលប្រកួតអន្តរជាតិ ខណៈអ្នកគាំទ្រដែលចូលរួមកម្មវិធីនេះ ក៏មានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ៕