(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាអនាម័យដៃពិភពលោកឆ្នាំ២០២២ ក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក រួមជាមួយក្រុមហ៊ុនចូលរួមជាច្រើនផ្សេងៗទៀត បានរៀបចំកម្មវិធីសប្បុរសធម៌ដ៏អស្ចារ្យមួយនៅអង្គការផ្ទះបាយកុមារ (LRDE) ដើម្បីជាការផ្សព្វផ្សាយពីសារៈសំខាន់នៃអនាម័យដៃដល់កុមារនៅទីនោះ។

ក្នុងកម្មវិធីសប្បុរសធម៌ដ៏ពិសេសនេះរៀបចំឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយក្នុងនោះមានកម្មវិធីកំសាន្តសប្បាយៗជាច្រើនដូចជា ការអនុវត្ត៦ជំហាននៃការសម្អាតអនាម័យដៃ ក៏ដូចជាបទបង្ហាញពិសេសៗ ពីក្រុមការងាររបស់ក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក រួមទាំងការណែនាំពីសារៈសំខាន់នៃទឹកលាងដៃ ដែលអាចជួយកម្ចាត់មេរោគផងដែរ។

សូមជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បាននឹងកំពុងបន្តបេសកកម្មរបស់ខ្លួន ក្នុងការប្រារព្ធទិវាអនាម័យដៃពិភពលោក ក្រោមប្រធានបទនៃការថែទាំសុខភាព «គុណភាព និងសុវត្ថិភាពបរិស្ថាន ឬវប្បធម៌» ដែលផ្តល់តម្លៃដល់អនាម័យដៃ និងការការពារ ឬការគ្រប់គ្រងការឆ្លងមេរោគដែលមាននៅជុំវិញខ្លួន។

ទិវាអនាម័យដៃពិភពលោកជាយុទ្ធនាការមួយ បង្កើតឡើងដោយអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកព័ត៌មានសំខាន់ៗពីអនាម័យដៃ ក៏ដូចជារបៀបត្រឹមត្រូវក្នុងការសម្អាតដៃ។

ទន្ទឹមនឹងការយកចិត្តទុកដាក់ របស់អង្គការសុខភាពពិភពលោក ក្នុងថ្ងៃដ៏ពិសេសនេះក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក ក៏បានចូលរួមចំណែក ក្នុងការប្រារព្ធទិវាអនាម័យដៃពិភពលោកឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយការយល់ដឹងក៏ដូចជា ការបង្ហាញសារៈសំខាន់ នៃអនាម័យដៃក្នុងការថែទាំសុខភាព មិនត្រឹមតែសម្រាប់មនុស្សពេញវ័យប៉ុណ្ណោះទេ តែក៏សម្រាប់កុមារតូចៗផងដែរ។

កម្មវិធីសប្បុរសធម៌ដ៏អស្ចារ្យមួយនៅអង្គការផ្ទះបាយកុមារ មានការចូលរួមពីក្រុមហ៊ុនជាច្រើនរួមមាន៖
ក្រុមហ៊ុន Saniswiss Distribution Cambodia, Prestige Homes Cambodia, Cambodian Derivatives Exchange, Urban Rental Management, Urban Village, G-Link, CDX Residence, GW Cafe, GoldWell Capital Co., Ltd, Lukfook Jewellery Cambodia, Propnex Cambodia, One Oasis wellness spa, Golden Charity Organization។

ក្នុងកម្មវិធីសប្បុរសធម៌នេះ ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយសារមានមនុស្សជាច្រើន ជាពិសេសកុមារនៅអង្គការផ្ទះបាយកុមារ ទទួលបានចំណេះដឹង និងបានស្វែងយល់បន្ថែមអំពីសារៈសំខាន់ នៃអនាម័យដៃជាមួយនឹងវិធីត្រឹមត្រូវនៃការលាងដៃ ដើម្បីកម្ចាត់មេរោគដែលមាននៅជុំវិញខ្លួនរួមទាំងវីរុសកូវីដ១៩ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះកុមារជាច្រើន បានចូលរួមនៅក្នុងកម្មវិធីកំសាន្តសប្បាយៗដូចជា៖ ការរាំលេង, ការសម្តែង និងកម្មវិធីពិសោធន៍ដ៏អស្ចារ្យ ដែលផ្តល់ស្នាមញញឹម និងអារម្មណ៍សប្បាយរីករាយ ពេលបានចូលរួមកម្មវិធីសប្បុរសធម៌ដ៏អស្ចារ្យ នៅអង្គការផ្ទះបាយកុមារនេះ។

សូមជម្រាបថា ក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន និងក្រុមហ៊ុនដែលបានចូលរួមជាច្រើនទៀត បានរួមគ្នាធ្វើការងារដ៏អស្ចារ្យមួយ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ដ៏ពិសេសមួយនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏សំខាន់ ក្នុងការផ្សព្វផ្សាយការយល់ដឹង និងសារៈសំខាន់នៃអនាម័យដៃ។

ក្នុងនេះផងដែរយុទ្ធនាការ នៃទិវាអនាម័យដៃពិភពលោកឆ្នាំ២០២២ របស់អង្គការសុខភាពពិភពលោកបានផ្តល់ឱ្យអ្នករាល់គ្នា នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន ទាក់ទងនឹងការសិក្សាអំពីរបៀបនៃការលាងដៃ ដែលពិតជាអាចកម្ចាត់មេរោគបាន ប្រសិនបើអនុវត្តន៍បានត្រឹមត្រូវ ដូច្នេះទាំងអស់គ្នាត្រូវតែលាងដៃឱ្យបានញឹកញាប់ ដើម្បីកម្ចាត់មេរោគដែលរស់នៅជុំវិញខ្លួន៕