(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន eMoney ជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុចល័ត និងជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ Viettel Cambodia (មិត្តហ្វូន) ទើបតែទទួលបានពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards ដែលរៀបចំកម្មវិធីផ្ដល់ពានរង្វាន់ ដល់អាជីវកម្ម និងដាក់ចំណាត់ថ្នាក់អាជីវកម្មរបស់បណ្ដាក្រុមហ៊ុនធំៗលើពិភពលោក។

លោក វុ ទួន ឡុង អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន eMoney ថ្លែងឲ្យដឹងថា ក្រុមហ៊ុនទទួលការអបអរសាទរ និងការប្រកាសពានរង្វាន់មាស Gold Globee® Winner ក្នុងផ្នែកជោគជ័យកំណើនការលក់ប្រចាំឆ្នាំ២០២២លើកទី៩។ ពិធីប្រកាស និងប្រគល់រង្វាន់នោះត្រូវបានរៀបចំឡើង តាមរយៈវីដេអូពីចម្ងាយ ដោយមានការចូលរួមពីបណ្ដាក្រុមហ៊ុន ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមហ៊ុនឈ្នះពានរង្វាន់ គណៈកម្មការក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងឧស្សាហកម្មពាណិជ្ជកម្មមកពីជុំវិញពិភពលោក។

លោក វុ ទួន ឡុង បានបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអតិថិជនដ៏មានតម្លៃ ក្រុមការងារ និងដៃគូសហការទាំងអស់ ដែលបានជួយឲ្យអ៊ីម៉ាន់នី សម្រេចបាននូវសមិទ្ធផលនេះឡើង»

លោក វុ ទួន ឡុង បានថ្លែងបញ្ជាក់ថា «ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីភាពឈានមុខគេរបស់អ៊ីម៉ាន់នី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងបេសកកម្មត្រួសត្រាយផ្លូវ នៃការបង្កើតសង្គមឌីជីថល និងវិស័យ FINTECH នៅកម្ពុជា»

គណៈកម្មការកាត់សេចក្ដីក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជាថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញមកពីបណ្ដាវិស័យផ្សេងៗជាង៥០រូប មកពីជុំវិញពិភពលោក ហើយបានចូលរួម ផ្ដល់ពិន្ទុ និងមតិយោបល់ផ្សេងៗ ដើម្បីកំណត់ជ្រើសរើសជ័យលាភី សម្រាប់ពានរង្វាន់ក្នុងឆ្នាំ២០២២នេះ។

ក្រុមហ៊ុន eMoney ផ្ដល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ ដល់ប្រជាពលរដ្ឋកម្ពុជាក្នុងនោះរួមមាន សេវាវេរលុយ សេវាទូទាត់វិក្កយបត្រទឹកភ្លើង បញ្ចូលលុយទូរស័ព្ទ ទូទាត់តាមកូដ QR សេវាដកប្រាក់ និងដាក់ប្រាក់ និងសេវាវេរលុយទៅវៀតណាម សេវាទាំងអស់នេះផ្ដល់ តាមរយៈភ្នាក់ងាររបស់អ៊ីម៉ាន់នីជាង៨០០០ភ្នាក់ងារទូទាំងប្រទេស៕