(ឡុងដ៍)៖ អ្នកចាត់ការក្លិប Arsenal លោក Mikel Arteta បានចុះកិច្ចសន្យាថ្មីមួយដែលនឹងបន្តរក្សារូបលោកក្នុងការដឹកនាំក្លិបមានមូលដ្ឋាននៅទីក្រុង London រហូតដល់ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

លោក Arteta បានឡើងកាន់តំណែងជំនួសលោក Unai Emery កាលពីខែធ្នូ ឆ្នាំ២០១៩ ហើយកិច្ចសន្យាចាស់របស់លោក នឹងផុតកំណត់ នៅក្រោយចប់រដូវកាលនេះដែរ។

លោក Arteta បានឈ្នះពានរង្វាន់ FA Cup ជាមួយនឹងកាំភ្លើងធំ Arsenal ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ បន្ទាប់ពីបានឈ្នះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងពេញមួយរដូវកាលដំបូងរបស់លោក ដែលបានដឹកនាំកាលពីឆ្នាំមុន បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងលីគ។

Arsenal បច្ចុប្បន្ន កំពុងឈរនៅលំដាប់ទី៤ ដោយនៅសល់ ៤ប្រកួតទៀត មុនបិទរដូវកាលនេះដ៏ពេញលេញ៕