(បរទេស)៖ កាសែត New York Times បានរាយការណ៍ថា លោក Elon Musk មានគោលបំណងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ Twitter ឱ្យបានដល់ជាង ២៦ពាន់លានដុល្លារនៅឆ្នាំ ២០២៨ ពោលគឺកើនឡើងពី ៥ពាន់លានដុល្លារកាលពីឆ្នាំមុន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយមការដឹកនាំរបស់លោក Musk ការផ្សាយពាណិជ្ជកម្មនឹងធ្លាក់ចុះមកត្រឹម ៤៥ភាគរយ នៃប្រាក់ចំណូលសរុប ដោយបានធ្លាក់ចុះពីប្រហែល ៩០ភាគរយបើធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែវានឹងបង្កើតប្រាក់ចំណូលបានរហូតដល់ ១២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ ខណៈពេលដែលប្រាក់ចំណូលផ្សេងៗទៀតត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួន ១០ ពាន់លានដុល្លារ។

សារព័ត៌មាន New York Times បានរាយការណ៍ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ នឹងនាំយកប្រាក់ចំនួន ១៥ លានដុល្លារពីការទូទាត់អាជីវកម្មនៅឆ្នាំ ២០២៣ ហើយវានឹងកើនឡើងដល់ប្រហែល ១,៣ពាន់លានដុល្លារនៅឆ្នាំ២០២៨ ។

លោក Musk បានយល់ព្រមលើកិច្ចព្រមព្រៀងកាលពីខែមុនដើម្បីទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារជាសាច់ប្រាក់ ក្នុងគោលដៅផ្លាស់ប្ដូរការគ្រប់គ្រង និងបង្កើតប្រាក់ចំណូលដល់ ក្រុមហ៊ុន ហើយគេកំពុងរង់ចាំមើលផងដែរថា តើ Twitter នឹងទៅជាយ៉ាងណា ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc រូបនេះ។

យោងតាមការវិភាគនាពេលកន្លងមក បានឱ្យដឹងថា Musk ត្រូវបានគេរំពឹងថានឹងក្លាយជានាយកប្រតិបត្តិបណ្ដោះអាសន្នរបស់ Twitter បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ ក្រុមហ៊ុន ត្រូវបាន ធ្វើឡើងជាផ្លូវការ ខណៈដែលមហាសេដ្ឋីរូបនេះ បានព្យាយាមបន្ថែមអ្នកវិនិយោគទៅក្នុងកិច្ចព្រមព្រៀងនេះ៕