(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីកម្ពុជា បានចាត់ទុកការប្រកួតកីឡាវាយសី ក្នុងព្រឹត្តិការណ៍កីឡាបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាការបើកផ្លូវ ដើម្បីស្វែងរកថ្នាលល្អៗមកបណ្ដុះបណ្តាលជាកីឡាករ-កីឡាការិនីកម្រិតខ្ពស់សម្រាប់ថ្ងៃអនាគត។

នេះបើតាមការបញ្ជាក់របស់លោក កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធ បន្ទាប់ពីការប្រកួតកីឡាវាយសីក្នុងកម្មវិធីប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាខាងលើ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៣ថ្ងៃចាប់ពីថ្ងៃទី០៤-០៦ ខែឧសភា នៅក្លិបវាយសីភ្នំពេញ នៃអាគារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលក្រសួងអប់រំ បានបញ្ចូលកីឡាវាយសី ក្នុងកម្មវិធីប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ ដែលផ្ដល់នូវផលល្អទាំងសហព័ន្ធ ក៏ដូចជាវិស័យកីឡាវាយសីទាំងមូល តាមរយៈការបំផុសចលនាកុមារឲ្យស្រលាញ់ និងចូលរួមលេងកីឡានេះកាន់តែច្រើន ពិសេសក្នុងស្រទាប់សិស្សានុសិស្ស ហើយអាចក្លាយទៅជាធនធានបន្ដវេនទៀតផង។

លោកបន្ដថា «លទ្ធផលថ្ងៃនេះ បង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាវាយសីកម្ពុជា។ ការប្រកួតនៅទីនេះ បានបើកផ្លូវបន្ថែមមួយទៀត នៃជំហានឆ្ពោះទៅមុខរបស់វិស័យកីឡាវាយសីកម្ពុជា ព្រោះគឺជាលើកទី១ ហើយ ដែលយើងរៀបចំការប្រកួតសិស្សបឋមថ្នាក់ជាតិ ដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបណ្ដុះជាកីឡាករ-កីឡាការិនីមានទេពកោលសល្យខ្ពស់ក្នុងពេលអនាគត»

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកម្រិតកុមារអាយុក្រោម ១២ឆ្នាំនេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦៧នាក់ មកពី ៦រាជធានី-ខេត្ត ខណៈលទ្ធផលជារួម គឺក្រុមសិស្សានុសិស្សមកពីខេត្តត្បូងឃ្មុំ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស ៣ និងប្រាក់ ២) ហើយរាជធានីភ្នំពេញ ឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ និងខេត្តព្រៃវែង ឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១។

ក្នុងនាមសហព័ន្ធ លោក ជាម សុភា បានអំពាវនាវដល់កីឡាករ-កីឡាការិនី ដែលជាសិស្សានុសិស្សទាំងអស់ ទោះបីទទួលបានជយលាភី ឬអត់ បន្ទាប់ពីចប់ការប្រកួតនេះ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករ-កីឡាការិនីមានសិទ្ធផលខ្ពស់ ហើយមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតឆ្នាំក្រោយៗជាបន្ដបន្ទាប់ទៀត ហើយឈានទៅការប្រកួតដោយស្មើមុខមាត់លើឆាកអន្ដរជាតិផងដែរ៕