(បរទេស)៖ ប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro បានចាត់ទុកតារាសម្តែងប្រុស Leonardo DiCaprio ជាគោលដៅមួយ ដែលតែងតែនិយាយពីការបោះឆ្នោតក្នុងប្រទេសរបស់ខ្លួន ដោយលោក Bolsonaro បានប្រាប់ឲ្យ តារាប្រុសក្នុងរឿងកប៉ាល់ទីតានិក និងជាសកម្មជនការពារបរិស្ថានរូបនេះ រក្សារមាត់ឲ្យបានល្អ ជាជាងការនិយាយ ពីការបោះឆ្នោតក្នុងប្រទេសរបស់លោក។

បើតាមការចេញផ្សាយដោយសារព័ត៌មាន International The News បានឲ្យដឹងថា តារាប្រុស Leonardo DiCaprio តែងតែនិយាយពី សារៈសំខាន់នៃព្រៃ Amazon ដែលជាព្រៃរងទឹកភ្លៀងដ៏ធំលើពិភពលោក ស្ថិតក្នុងប្រទេសប្រេស៉ីល ដែលនៅតែបន្តមានការកាប់ឆ្ការជាដើម។ បន្ថែមពីនេះ តារាប្រុស Leonardo ដែលគេស្គាល់ថា ជាសកម្មជនបរិស្ថាន និងអាកាសធាតុ បានជំរុញឱ្យជនស៊ីវិលប្រេស៊ីល ចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែតុលា និងឲ្យសម្រេចចិត្តឲ្យបានត្រឹមត្រូវចំពោះការបោះឆ្នោតផងដែរ។

យ៉ាងណាមិញ ឆ្លើយតបនឹងការបញ្ចេញសារនានារបស់តារាប្រុស Leonardo បានធ្វើឲ្យប្រធានាធិបតីប្រេស៉ីល ហាក់មិនពេញចិត្ត ខណៈថ្មីៗនេះ តាមរយៈផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNN នាពេលថ្មីៗនេះ លោក Bolsonaro បាននិយាយទៅកាន់តារាប្រុស Leonardo យ៉ាងដូច្នេះថា «អីឡូវនេះ DiCaprio អ្នកត្រូវតែដឹងថា ប្រធានអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា បើគ្មានអាជីវកម្ម កសិឧស្សាហកម្មប្រេស៊ីលទេ ពិភពលោកនឹងស្រេកឃ្លាន។ ដូច្នេះ DiCaprio បិទមាត់របស់អ្នក គឺប្រសើរជាងនិយាយ ពីអ្វីដែលមិនសមហេតុសមផល»៕