(ប៊ែឡាំង)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Robert Habeck បានប្រកាសបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាឡឺម៉ង់មានបំណងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបជាមួយនឹងជំនួយចំនួន ១៤ពាន់លានដុល្លាអឺរ៉ូ (ប្រហែល ១៤,៧១ពាន់លានដុល្លាអាមេរិក) ដោយលើកហេតុផលថាកង្វះខាតបន្ទះឈីបដែលប្រើនៅក្នុងអ្វីៗគ្រប់យ៉ាងចាប់ពីស្មាតហ្វូនរហូតដល់រថយន្តគឺជាបញ្ហាធំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញបន្ទះឈីបនៅតែជាបញ្ហាចោទទូទាំងសកលលោក ក៏ដោយសារតែតម្រូវការបច្ចុប្បន្ននេះកំពុងតែកើនឡើងខ្លាំងបណ្តាលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនត្រូវកាត់បន្ថយផលិតកម្មរបស់ពួកគេ។ ដោយឡែកកាលពីប៉ុន្មានខែមុននេះ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវផែនការលើកទឹកចិត្តដល់ការផលិតបន្ទះឈីបនៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងច្បាប់ថ្មីដែលបានស្នើរឡើងដើម្បីបន្ធូរបន្ថយទាក់ទងទៅនឹងច្បាប់ ពន្ធផ្សេងៗ ក៏ដូចជាជំនួយពីរដ្ឋាភិបាលសម្រាប់រោងចក្រផលិតបន្ទះឈីប។

ជាចំណាប់អារម្មណ៍ដ៏ធំមួយនៅក្នុងសហភាពអឺរ៉ុប កាលពីខែមីនា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel Corp ក៏បានប្រកាសដែរថាខ្លួននឹងជ្រើសរើសទីក្រុង Magdeburg របស់អាឡឺម៉ង់ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំសម្បើមដែលមានតម្លៃខ្ទង់ ១៧ពាន់លានអឺរ៉ូ (ប្រហែល ១៧,៩០ពាន់លានដុល្លាអាមេរិក)។ ខណៈដែលរដ្ឋាភិបាលអាឡឺម៉ង់កំពុងតែព្យាយាមជម្រុញគម្រោងមួយនេះជាមួយនឹងថវិការរាប់ពាន់លានអឺរ៉ូឯណោះ៕