(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុក កៀនស្វាយ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសំណេះសំណាល និងប្រកាសបិទកម្មវិធី ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់នេះ លោកបណ្ឌិត បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ ទៅកាន់ប្អូនៗយុវជនជាកីឡាករទាំងអស់ដែលបានចូលរួមប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់នាពេលនេះ។

លោកបណ្ឌិត ក៏បានណែនាំទៅកាន់ប្អូនៗយុវជនដែលជាក្រុមកីឡាបាល់ទាត់ទាំងអស់ បន្ថែមថា៖

១៖ យុវជនដែលបានចូលរួមប្រកួតទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលប្រកួតដណ្តើមពាននាពេលក្រោយទៀត និងសូមឱ្យយុវជនត្រូវនាំគ្នាលេងកីឡាជាប្រចាំដើម្បីរក្សាសុខភាព និងជៀសវាងការប្រើប្រាស់គ្រឿងញៀនដែលនាំឱ្យអន្តរាយដល់សុខភាព និងសង្គមជាតិ។

២៖ សូមឱ្យយុវជនទាំងអស់ក្នុងស្រុកខ្សាច់កណ្តាល ត្រូវរួមការងារសម្អាតបរិស្ថាន នៅក្នុងភូមិ ឃុំ ដែលធ្វើឱ្យមានបរិយាកាសល្អ គ្មានជំងឺ និងខិតខំសិក្សារៀនសូត្រ ដើម្បីធ្វើជាទំពាំងស្នងឬស្សី ដែលអាចបន្តវេនការងារដឹកនាំក្នុងភូមិ ឃុំ ស្រុក នាពេលខាងមុខ និងចូលរួមសកម្មភាពការងារបោះឆ្នោតនៅក្នុងខែមិថុនា។

ជាចុងក្រោយ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ ក៏បានប្រគល់រង្វាន់ដល់ក្រុមកីឡាករជ័យលាភី និងថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដី និងលោកឧកញ៉ា ស្រីចាន់ ថន ដែលបានរៀបចំផ្តល់តារាង និងទីតាំក្នុងការប្រកួតបាល់ទាត់ ព្រមទាំងមានកម្លាំងសមត្ថកិច្ចចូលរួមការពារក្នុងពេលប្រកួត៕