(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ គឺតែងតែមានការប្រាស្រ័យទាក់ទង និងជួយគ្នាទៅវិញទៅមក ដោយមានលេចឡើងនូវសកម្មភាពខ្ចីប្រើជាអាទិ៍ ។ ការខ្ចីប្រើនេះ គឺគេឧស្សាហ៍យកមកប្រើប្រាស់ជាប្រចាំនៅក្នុងសង្គម ហេតុនេះហើយបានជាមានការចែងបទប្បញ្ញត្តិអំពីការខ្ចីប្រើ នៅក្នុងក្រមរដ្ឋប្បវេណី ដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រងនូវសកម្មភាពមួយនេះឱ្យសមស្រប និងត្រឹមត្រូវតាមផ្លូវច្បាប់ ។

តើអ្វីទៅជាការខ្ចីប្រើ? ហើយអ្នកខ្ចីប្រើនោះត្រូវមានករណីយកិច្ច និងសិទ្ធិអ្វីខ្លះចំពោះការខ្ចីប្រើនេះ?

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការខ្ចីប្រើ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

ការខ្ចីប្រើ គឺសំដៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតខ្ចីប្រើប្រាស់ និង អាស្រ័យផល នូវវត្ថុណាមួយ ដោយមិនឱ្យបង់ថ្លៃ ។ ការខ្ចីប្រើនឹងមានអានុភាព នៅពេលដែលភាគីអ្នកខ្ចីទទួលយកវត្ថុណាមួយពីភាគីអ្នកឱ្យខ្ចី ហើយសន្យាថានឹងសងវត្ថុនោះ ក្រោយពីបានប្រើប្រាស់ និងអាស្រ័យផល ដោយមិនបង់ថ្លៃ ។

ឧទាហរណ៍៖ លោក (ក) ជាអ្នកមានធូរធារ និងជាមិត្តរបស់លោក (ខ) ដែលបានឱ្យលោក (ខ) ខ្ចីម៉ូតូរបស់ខ្លួន មួយរយៈ ដោយមិនយកប្រាក់កម្រៃឡើយ ដើម្បីឱ្យលោក (ខ) រត់ម៉ូតូឌុបបានប្រាក់យកមកផ្គត់ផ្គង់គ្រួសារ ហើយលោក (ខ) សន្យាថានឹងសងម៉ូតូមកឱ្យលោក (ក) វិញ នៅពេលដែលខ្លួនទិញម៉ូតូបាន ។

ថ្វីត្បិតតែអ្នកខ្ចីមិនត្រូវបានបង់ថ្លៃសម្រាប់ការខ្ចីប្រើក៏ពិតមែន ប៉ុន្តែអ្នកខ្ចីត្រូវរក្សាទុកវត្ថុខ្ចី និងមានការប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រង ហើយត្រូវប្រើប្រាស់ និងអាស្រ័យផលវត្ថុនោះឱ្យបានត្រឹមត្រូវ ។ ក្នុងករណីអ្នកខ្ចីមានបំណងចង់ឱ្យអ្នកដទៃប្រើប្រាស់ និង អាស្រ័យផលលើវត្ថុនោះដែរ នោះអ្នកខ្ចីត្រូវតែមានការអនុញ្ញាត ឬ ការយល់ព្រមពីអ្នកឱ្យខ្ចីជាមុនសិន ទើបអ្នកខ្ចីមានសិទ្ធិក្នុងការឱ្យអ្នកដទៃប្រើប្រាស់ និង អាស្រ័យផលលើវត្ថុនោះបន្តបាន ។ បន្ថែមពីនេះ អ្នកខ្ចីត្រូវចេញសោហ៊ុយចាំបាច់ធម្មតាអាចជា ការចាក់សាំង សប់កង់ និងការជួសជុលបន្តិចបន្តួច ជាដើម ។

ការខ្ចីប្រើនេះត្រូវបញ្ចប់ដោយការផុតកំណត់អំឡុងពេល ប៉ុន្តែប្រសិនបើគូភាគីមិនបានកំណត់អំឡុងពេលទេ តែគូភាគីបានកំណត់អំពីគោលបំណងនៃការខ្ចីប្រើ នោះការខ្ចីប្រើត្រូវបញ្ចប់ នៅពេលដែលអ្នកខ្ចីបានបញ្ចប់ការប្រើប្រាស់ និងអាស្រ័យផលលើវត្ថុខ្ចី តាមគោលបំណងនោះ ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកខ្ចីបានទទួលមរណភាព ការខ្ចីប្រើក៏ត្រូវបានបញ្ចប់ផងដែរ ។

ចំណែកឯការរំលាយកិច្ចសន្យាខ្ចីប្រើវិញ ក្នុងករណីដែលគូភាគីមិនបានកំណត់អំឡុងពេល និងគោលបំណងទេ ដូចនេះអ្នកឱ្យខ្ចីអាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើជាមួយអ្នកខ្ចីនៅពេលណាក៏បាន ។ ម្យ៉ាងវិញទៀតប្រសិនបើករណីបន្ទាន់ និងចាំបាច់កើតមានឡើងចំពោះវត្ថុខ្ចី ដែលអ្នកឱ្យខ្ចីពុំអាចព្យាករបាន អ្នកឱ្យខ្ចីក៏អាចស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើបានដូចគ្នា ។

ចំពោះអ្នកខ្ចីក៏មានសិទ្ធិស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើជាមួយអ្នកឱ្យខ្ចីបានដូចគ្នា បើទោះបីជានៅក្នុងកិច្ចសន្យាបានកំណត់ ឬមិនបានកំណត់រយៈពេលក៏ដោយ ។ ប៉ុន្តែក្នុងករណីដែលអ្នកឱ្យខ្ចីមានផលប្រយោជន៍ទៅលើរយៈពេលនោះ អ្នកខ្ចីមានករណីយកិច្ចសងសំណងនៃការខូចខាត ដែលកើតមានឡើងដោយសារការស្នើសុំរំលាយកិច្ចសន្យានោះ ។

ឧទាហរណ៍៖ លោក (ក) ត្រូវទៅធ្វើការនៅក្រៅប្រទេសមួយរយៈ ដោយទុករថយន្តនៅទំនេរ ដូច្នេះលោក (ខ) ក៏បានមកខ្ចីរថយន្តរបស់លោក (ក) ដើម្បីប្រើប្រាស់ និងអាស្រ័យផល នៅក្នុងអំឡុងពេលនោះ ហើយលោក (ក) ក៏បានយល់ព្រមឱ្យលោក (ខ) ខ្ចីរថយន្ត ដើម្បីប្រើប្រាស់ និងអាស្រ័យផល ដោយមិនយកកម្រៃឡើយ ។ ប៉ុន្តែលោក (ខ) ត្រូវតែជួយមើលថែរថយន្តរបស់គាត់ រហូតដល់ពេលដែលគាត់ត្រលប់មកពីក្រៅប្រទេសវិញ ។ ក្នុងករណីនេះបើសិនជាលោក (ក) មិនទាន់ត្រលប់មកពីក្រៅប្រទេសវិញទេ ស្រាប់តែលោក (ខ) ស្នើសុំរំលាយកិច្ចសន្យាខ្ចីប្រើជាមួយលោក (ក) ហើយរថយន្តរបស់លោក (ក) មិនបានដំណើរការ និងធ្វើឱ្យខូច អាគុយ ឬធ្វើឱ្យម៉ាស៉ីនមានបញ្ហា ប្រសិនបើទុកយូរ ដូចនេះលោក (ខ) មានករណីយកិច្ចសងសំណងនៃការខូចខាត ដែលកើតមានឡើង ដោយសារការស្នើសុំរំលាយកិច្ចសន្យានោះ ។

សរុបមក ការខ្ចីប្រើ គឺជាកិច្ចសន្យាមួយប្រភេទដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលនូវវត្ថុណាមួយ ដោយមិនឱ្យបង់ថ្លៃ ប៉ុន្តែគូភាគីត្រូវមានសិទ្ធិ និងករណីយកិច្ចចំពោះសកម្មភាពនេះទៅវិញទៅមក ៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group