(បាម៉ាកូ)៖ ម៉ាលី បានតែងតាំងអតីតកីឡាករខ្សែការពារ លោក Eric Chelle ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ម៉ាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។
បុរសវ័យ ៤៤ឆ្នាំរូបនេះបានជំនួសតំណែងលោក Mohammed Magassouba ដែលផុតកិច្ចសន្យា បន្ទាប់ពីក្រុមជម្រើសជាតិម៉ាលីបានចាញ់ទុយនេស៊ី នៅក្នុងការប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ កាលពីខែមីនា។
លោក Chelle បានកើតនៅកូដឌីវ័រ និងបានលេងបាល់ទាត់អាជីពរបស់គាត់នៅក្នុងប្រទេសបារាំង ខណៈលោកបានជាប់លេងឲ្យក្រុមជម្រើសជាតិម៉ាលី ក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៤។
ការតែងតាំងរបស់លោកត្រូវបានធ្វើឡើង បើទោះបីជាបទពិសោធន៍ជាគ្រូបង្វឹករបស់លោក កាលពីពេលកន្លងទៅ ធ្លាប់ដឹកនាំក្លិបលេងនៅលីគកម្រិតទាបរបស់បារាំង Martigues និង Boulogne ក៏ដោយ។
លោកនឹងមានពេលវេលាតិចតួចប៉ុណ្ណោះសម្រាប់ការរៀបចំត្រៀមក្នុងការចាប់ផ្តើមប្រកួតជម្រុះក្នុងពូល 2023 Africa Cup of Nations ដោយម៉ាលី នឹងត្រូវប៉ះកុងហ្គោ នៅទីក្រុង Bamako នាថ្ងៃទី០៤ ខែមិថុនា ក្នុងការប្រកួតបើកឆាកក្នុងពូល G ហើយក្រោយមកនឹងត្រូវជួបក្រុមស៊ូដង់ខាងត្បូង នៅទីក្រុង Cairo ៤ថ្ងៃបន្ទាប់៕