(ហាណូយ)៖ ក្រុមកីឡាឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ជាមួយលទ្ធផលដ៏ល្អប្រសើរ នៅថ្ងៃទី៨ ខែឧសភានេះ ដោយបានកក់មេដាយសំរឹទ្ធ ៤គ្រឿង ក្នុងចំណោមអត្តពលិក ៥នាក់ ដោយមាន ៤នាក់បានបញ្ចប់ការប្រកួតថ្ងៃនេះ ក្នុងលទ្ធផលឈ្នះ ៣ និងចាញ់ ១ ខណៈម្នាក់ទៀត បានចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ។

សម្រាប់កីឡាករឃីកបុកស៊ីងដំបូងគេរបស់កម្ពុជា ដែលបើកឆាកការប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ គឺកីឡាករ ទូច រ៉ាឆាន់ (រហស្សនាម បឹត សង្ឃឹម) បានយកឈ្នះកីឡាករហ្វីលីពីន Esteban Jomar Balangui ដោយពិន្ទុ ដើម្បីឈានទៅវគ្គ ៤នាក់ចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់វិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម បន្ទាប់ពីឆ្លងកាត់ការប្រកួត ៣ទឹកពេញ កាលពីល្ងាចមិញ នៅទីក្រុងហាណូយ ។

ប៉ុន្ដែគួរឲ្យស្ដាយសម្រាប់កីឡាការិនីដ៏លេចធ្លោររបស់កម្ពុជា នៅ ស្រីពៅ បានរបូតឱកាសឡើងវគ្គបន្ដ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាការិនីម្ចាស់ផ្ទះវៀតណាម Bui Linh ត្រឹមវគ្គ ៨នាក់ចុងក្រោយ ក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម ។ ការប្រកួតនេះ ស្រីពៅ បានចាញ់ពិន្ទុកីឡាការិនីវៀតណាម ទាំង ៣ពិន្ទុពេញតែម្ដង ។

ចំណែកកីឡាករ កាន់ ម៉េងហុង បានប្រើបច្ចេកទេសផ្ទាល់ខ្លួនយកឈ្នះពិន្ទុដាច់លើកីឡាករឡាវ Khammaty Houmphanh ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។ ការប្រកួតនេះ ទឹកទី១ ម៉េងហុង មានប្រៀបលើគូប្រកួតត្រឹម ២-១ពិន្ទុប៉ុណ្ណោះ តែទឹកទី២ និងទី៣ រូបគេបានវាយសង្គ្រប់លើគូរប្រកួត រហូតទទួលបានពិន្ទុ ៣-០ ទាំង ២ទឹក ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ។

ដោយឡែកកីឡាករកម្ពុជាចុងក្រោយ ដែលប្រកួតថ្ងៃនេះ គឺកីឡាករ សាន រ៉ាគីម បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ក្រោយផ្ដួលកីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ត្រឹមទឹកទី២ ក្នុងប្រភេទទម្ងន៉ ៦៣,៥គីឡូក្រាម ។

តាមរយៈជ័យជម្នះរបស់កីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង និង សាន រ៉ាគីម ខាងលើ បានធ្វើឲ្យពួកគេ កក់មេដាយសំរឹទ្ធដោយស្វ័យប្រវត្តិ មុនឈានដល់ការប្រកួតបន្ទាប់របស់ខ្លួន ។ ប៉ុន្ដែប្រសិនបើពួកគេ ទទួលបានជ័យជម្នះនាការប្រកួតបន្ទាប់ទៀត ពួកគេនឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាសជូនជាតិតែម្ដង ។

ក្រឡេកទៅចាប់អារម្មណ៍កីឡាករ ១រូបទៀត ដែលបានកក់មេដាយសំរឹទ្ធផងនោះ គឺកីឡាករ លន់ បញ្ញា ។ កីឡាករប្រកួតវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាមរូបនេះ ត្រូវបានចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានន័យថា រូបគេក៏មានមេដាយសំរឹទ្ធក្នុងដៃដែរ ហើយបើគេឈ្នះការប្រកួតដំបូងរបស់ខ្លួន បញ្ញា នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដូចមិត្តរួមជាតិ ៣រូបខាងលើដែរ ។

គួរបញ្ជាក់ថា ក្នុងចំណោមប្រតិភូ និងអត្តពលិក ៥៦០នាក់ លើ ៣៣ប្រភេទកីឡា ដែលកម្ពុជា បញ្ជូនទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក៏មានកីឡាករ-កីឡាការិនីឃីបុកស៊ីង ៩រូបផងដែរ ។ ចំពោះកីឡាករ-កីឡាការិនីឃីកបុកស៊ីង ដែលមិនទាន់បានប្រកួតថ្ងៃនេះ រួមមានកីឡាករ ឈុត វ៉ាន់ថង បានចាប់ឆ្នោតប៉ះកីឡាករម្ចាស់ផ្ទះវៀតណាម, កីឡាករ ឈឿង ល្វៃ ចាប់ឆ្នោតជួបកីឡាករសិង្ហបុរី និងកីឡាការិនី ទូច ចាន់វត្តី ចាប់ឆ្នោតជួបកីឡាការិនីថៃ ។ ចំពោះពិធីបើកការប្រកួតផ្លូវការស៊ីហ្គេម នៅទីក្រុងហាណូយ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ ខែឧសភាខាងមុខ ៕