(បរទេស)៖ ថ្មីៗនេះ Apple ហាក់ដូចជាឈប់ទទួលយកការបង់ប្រាក់តាមកាតឥណទាន សម្រាប់ការទូទាត់ប្រាក់នូវរាល់ការទិញកម្មវិធីផ្សេងៗ នៅក្នុងប្រទេសឥណ្ឌាដោយស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល បន្ទាប់ពីធនាគារបម្រុងនៃប្រទេសឥណ្ឌា (RBI) បានផ្លាស់ប្តូរច្បាប់ដែលបានប្រកាសកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9TO5Mac នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញបញ្ហានេះត្រូវបានគូសបញ្ជាក់បន្ទាប់ពីអ្នកប្រើប្រាស់ផលិតផល Apple ជាច្រើនបានប្រទះឃើញថា កាតឥណទានរបស់ពួកគេមិនអាចដំណើរការទូទាត់ប្រាក់បាន សម្រាប់ការទិញកម្មវិធី/ហ្គេម ឬសេវាកម្មប្រចាំខែទៀតនោះ។ ដូច្នេះហើយ នៅរាល់ការទិញកម្មវិធី គឺមិនអាចបង់ប្រាក់ផ្ទាល់ តាមរយៈកាតឥណទានដូចមុននោះទេ ដោយអ្នកប្រើប្រាស់ទាំងអស់ ត្រូវតែបញ្ចូលទឹកប្រាក់ទៅក្នុងគណនី Apple ID ជាមុនសិន។

ទន្ទឹមនឹងការសម្រេចចិត្តរបស់ Apple ក្នុងការបិទដំណើរការកាតឥណទាននេះ ក៏ដោយសារតែ រដ្ឋាភិបាលឥណ្ឌាបានហាមប្រាមមិនឱ្យមានការបង់ប្រាក់ដោយស្វ័យប្រវត្តិតទៅទៀត បន្ទាប់ពីការប្រកាសច្បាប់ថ្មីកាលពីឆ្នាំមុន។ ក៏ព្រោះតែគ្រប់សេវាកម្មប្រចាំថ្ងៃទាំងអស់ សុទ្ធតែតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើបែបនេះ ដោយពួកគេនឹងត្រូវកាត់ប្រាក់ដោយស្វ័យប្រវត្តិ ជារៀងរាល់ខែ។ ដោយឡែករដ្ឋាភិបាលឥណ្ឌាធ្វើបែបនេះ ប្រហែលជាទំនងជាមិនចង់ឱ្យប្រជាជនរបស់ខ្លួនចំណាយប្រាក់ទៅលើសេវាកម្មទាំងអស់នេះច្រើនពេកហើយមើលទៅ៕