(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា និងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងបើកយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះដូចគ្នា បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី០៤ ខែឧសភាកន្លងទៅ។

សម្រាប់ក្រុម U23 កម្ពុជា នឹងត្រូវជួបក្រុម U23 ឡាវ នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន Thien Truong ខេត្ត Nam Dinh។ នេះគឺជាការប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងពូល B ខណៈឡាវ គឺជាប្រកួតទី២ របស់ខ្លួន បន្ទាប់ពីប្រកួតបើកឆាកស្មើក្រុម U23 សិង្ហបុរី ដោយលទ្ធផល ២-២ កាលពីថ្ងៃទី០៧ ខែឧសភា។

ពូល B នេះ មានបេក្ខភាពប្រកួតប្រជែង ៥ក្រុម រួមមានក្រុម U23 កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ។ បច្ចុប្បន្នម៉ាឡេស៊ី កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុពេញ បន្ទាប់ពីពួកគេ បានវាយបកយកឈ្នះក្រុម U23 ថៃ ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកកាលពីចុងសប្ដាហ៍កន្លងទៅ។

រីឯក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីហ្វីលីពីន បើកឆាកពូល A នាវេលាម៉ោង ៧យប់នេះ នៅកីឡដ្ឋាន Cam Pha ខេត្ត Guang Ninh។ ពូល A នេះ មានបេក្ខភាពប្រកួតប្រជែងតែ ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ី ដកខ្លួន ខណៈក្រោយចប់ការប្រកួតនេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១៤ ខែឧសភាខាងមុខ។

នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ ដែលកម្ពុជាបានបញ្ចូនក្រុមបាល់ទាត់នារី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ស្របពេលគ្រូបង្វឹកលោក ប្រាក់ វុទ្ធី ថា ការចូលរួមនេះ ផ្ដោតសំខាន់លើការអភវិឌ្ឍន៍ និងដកស្រង់បទពិសោធន៍ ដើម្បីសម្រួចសមត្ថភាពក្រុមបាល់ទាត់នារីក្មេងខ្ចីរបស់កម្ពុជា ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕