(ភ្នំពេញ)៖ ក្រុមហ៊ុន Tech-Zone Group ជាក្រុមហ៊ុនឈានមុខគេ ផ្នែកគ្រឿងអេឡិចត្រូនិច និងឧបករណ៍ឆ្លាតវៃ ជាច្រើនមុខរបស់ Xiaomi នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ បានបើកសម្ភោធជាថ្លូវការនូវសាខាទី៧ របស់ខ្លួន គឺ Tech-Zone Chamkar Doung ដោយមានការសហការផ្ទាល់ជាមួយ និង ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា។ សាខាទី៧នេះមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ២១៧ (ផ្លូវចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងព្រឹត្តិការណ៍សម្ភោធសាខាថ្មីនេះ ក៏មានវត្តមានចូលរួមដោយផ្ទាល់ពី លោក ជូ ចិន្តា ស្ថាបនិក និងជាអគ្គនាយករបស់ ក្រុមហ៊ុន Tech-Zone Group សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយក៏មានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោក Peaker Gao ជានាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា ព្រមទាំងវត្តមានរបស់អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយសជា MI Fan និងដៃគូសហការរបស់ Xiaomi ចូលរួមជាច្រើនផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានពិធីកាត់ខ្សែបូរណ៍ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប ហើយឆ្លៀតនៅក្នុងឱកាសនោះ លោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាពដែលបាននាំយកផលិតផលល្អ គុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់តំបន់ចំការដូង ដែលនេះ ជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័សក្នុងរយៈកាលចុងក្រោយនេះ។

សូមជំរាបថា Tech-Zone Group គឺជាជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃក្នុងគេហដ្ឋាន និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពី Xiaomi , Amazfit, IMILAB, KIESLECT និង 70mai ។ ធិច ហ្សូន គ្រុប បានបង្កើតនៅខែ មេសា ឆ្នាំ 2015 ដោយ ស្ថាបនិក 5 នាក់ ។ មកដល់ពេលនេះ គឺ មាន 7 សាខាហើយ រួមមានដូចជា Tech-Zone គិរីរម្យ, Mi Home Santhormok, Mi Home Stung Mean Chey, Mi Home Chbar Ampov, Mi Home CamKo, Mi Zone - Bokor និងសាខាទី7 គឺ Tech-Zone Chamkar Doung ហើយ សប្ដាហ៍ក្រោយ សាខាថ្មី មួយទៀត ក៏នឹងត្រូវបើកសម្ពោធជាផ្លូវការដែរ ត្រូវជាសាខាទី 8 ជិតនៅផ្សារឈូកមាស។

Tech-Zone Chamkar Doung ប្តេជ្ញាផ្តល់សេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់។ ក្នុងថ្ងៃបើកសម្ពោធនេះដែរ ហាង Tech-Zone Chamkar Doung ក៏មានការផ្តល់ជូនការលក់បញ្ចុះតំលៃជាពិសេសដល់អតិថិជនគ្រប់រូបផងដែរ សូមរួសរាន់មកទទួលយកនូវកាដូពិសេសនេះទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Tech-Zone Group នៅក្នុងឱកាសបើកសម្ពោធផ្លូវការសាខាថ្មីនេះផងដែរ។

លោកក៏បានថ្លែង អំណរអរគុណដល់ ធិច ហ្សូន គ្រុប ដែលជឿជាក់លើផលិតផល Xiaomi តាំងពីចាប់ផ្តើមអាជីវកម្មដំបូង រហូតដល់សព្វថ្ងៃនេះ។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុន និងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល១២ឆ្នាំ គិតត្រឹមឆ្នាំ២០២២ នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple)៕