(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ស្រ្តីរបស់ក្លិបតោខៀវ Chelsea បានគ្រងតំណែងជើងឯក The FA Women’s Super Leauge 2021-2022 នៅក្រោយពេលយកឈ្នះស្រ្តីរបស់គូប្រជែង Manchester United ក្នុងលទ្ធផល ៤ទល់នឹង២ ក្នុងថ្ងៃប្រកួតបិទរដូវកាលនារាត្រីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២។

ក៏ជាលើកទី៦ ច្រើនជាងគេសម្រាប់ក្រុមស្រ្តី Chelsea ផងដែរក្នុងការឈ្នះជើងឯកលីគ គិតចាប់តាំងពីលើកដំបូងក្នុងឆ្នាំ២០១៥ មក និងជាកំណត់ត្រាឈ្នះលើកទី៣ ជាប់គ្នាផងដែរ គីតចាប់តាំងពីឆ្នាំ២០២០ មក នៅពេល នៅពេលដែលខ្សែប្រយុទ្ធ Sam Kerr ដែលជាជនជាតិអូស្រ្តាលីនោះ ឈ្នះស្បែកជើងមាស Golden Boot នៅពេលស៊ុតបាន ២០គ្រាប់ច្រើនជាងគេនារដូវកាលនេះ។

ក្នុងចំណោម ៤គ្រាប់នាយប់មិញនេះដែរ Sam Kerr ក៏ធ្វើបានសម្រេច ២គ្រាប់ទៀតដែរ ដែលជាគ្រាប់វាយបកយកជ័យជម្នះវិញ ដ្បិតកីឡាការិនី Thomas ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Chelsea តាំងតែនាទីទី១៣ ដើមវគ្គទី១ មកម្ល៉េះ នៃសប្តាហ៍ទី២២ ជើងទី២ ក្នុងចំណោម ១២ក្រុមដែលលេងនៅ FA Women's Super League នៅពេលស្រ្តីកាំភ្លើងធំ Arsenal បានត្រឹមខកចិត្តបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ មាន ៥៥ពិន្ទុ ចាញ់ក្រុមកំពូលតារាងជើងឯកតែ ១ពិន្ទុប៉ុណ្ណោះ។

ស្រ្តី Chelsea បានក្លាយជាក្រុមដំបូងគេដែលលេងនៅ WSL បានឈ្នះជើងឯកលីគ ៣រដូវកាលជាប់ៗគ្នា និងជាការត្រៀមឈ្នះពាន២ ក្នុង ១រដូវកាលដែលដឹកនាំដោយលោកស្រី Emma Hayes ប្រសិនបើអាចយកឈ្នះស្រ្តី Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រពាន FA Cup នារាត្រីថ្ងៃអាទិត្យសប្តាហ៍ក្រោយនៅកីឡដ្ឋាន Wembley ទៀតនោះ៕