(មីលែន)៖ ក្លិប AC Milan ខិតជិតលើកពានលីគអីតាលី Serie A 2021-22 ជាផ្លូវការហើយ បន្ទាប់ពីបានយកឈ្នះក្រុម Verona ៣-១ នៃប្រកួតសប្តាហ៍ទី៣៦ ដែលពួកគេនៅលល់ត្រឹម ២ប្រកួតនិងបិទបញ្ចប់ការប្រជែងរដូវកាលនេះ ដ្បិតខកខានលើកពាននេះអស់រយៈពេល ១២ឆ្នាំមកហើយ។

AC Milan ជាក្រុមលើកពានលីគ Serie A បានចំនួន ១៨លើក បានវាយបករកជ័យជម្នះមកវិញដោយការស៊ុតបានសម្រេចពីសំណាក់កីឡាករឆ្នើមៗ មានខ្សែបម្រើប្រយុទ្ធ Sandro Tonali ធ្វើបាន ២គ្រាប់ ហើយខ្សែការពារ Florenzi ដ្បិតត្រូវក្រុម Verona នាំមុខទាំងពីនាទី៣៨ ដោយការស៊ុតរបស់ Faraoni ក្រោយពេលដែល AC Milan មានឱកាលនាំមុខតែត្រូវអាជ្ញាកណ្តាលសម្រេចមិនឲ្យនៅនាទី១៧។

ជាបណ្តោះអាសន្នក្លិប AC Milan កំពុងរកបាន ៨០ពិន្ទុនាំមុខ ២ពិន្ទុទៅលើក្រុម Inter Milan ដែលធ្វើបាន ៧៨ពិន្ទុ ខណៈនៅសល់ត្រឹម ២ប្រកួតទៀតត្រូវកាត់សេចក្តីសម្រាប់ក្រុមអាចលើកពានលីគ Serie A នៃរដូវកាល ២០២១-២២នេះ ដ្បិតក្រុម Inter Milan ត្រូវជួបក្រុម Cagliari និង Sampdoria។

ហើយក្រុមកំពូលតារាង AC Milan ត្រូវប្រជែងរកជ័យជម្នះជាដាច់ខាតជាមួយក្រុម Atalanta និង Sassuolo ខណៈ Immobile កំពុងស៊ុតបានច្រើនគ្រាប់ជាងគេចំនួន ២៧គ្រាប់ជាបណ្តោះអាសន្នលេងឲ្យក្រុម Lazio ត្រៀមលើកពានស្បែកជើងមាសរដូវកាលនេះ៕