(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក Jefferies Financial Group Inc. បានឱ្យដឹងថា គណនី Instagram របស់នាយកប្រតិបត្តិ (CEO) របស់ខ្លូនលោក Rich Handler ត្រូវបានជនមិនស្គាល់មុខ Hack យកទៅធ្វើរឿងមួយចំនួន ខណៈដែល ភាគហ៊ុនក្រុមហ៊ុនកំពុងធ្លាក់ចុះប្រមាណជា ២.២ភាគរយនៅក្នុងការជួញដូរពេលរសៀលចំពេលមានហានិភ័យនេះកើតឡើង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញក្រុមហ៊ុន Jefferies បានគូសបញ្ជាក់ថា «រឿងរ៉ាវទាំងឡាយណាដែលទាក់ទងនឹងការលក់បញ្ចុះតម្លៃភាគហ៊ុន ការបរិច្ចាគគ្រីបតូ ឬការិច្ចាគទៅប្រទេសអ៊ុយក្រែន ដែលលេចឡើងនៅលើគណនី Instagram ទាំងនោះត្រូវបានជនមិនស្គាល់មុខ Hack ដោយវាគឺជារឿងមិនពិតសុទ្ធសាធ»។ ហើយករណីនេះក៏មិនជាប់ពាក់ព័ន្ធនឹងការបរិច្ចាគ ១៤.១ពាន់លានដុល្លាអាមេរិកពីមុនរបស់ Jefferies ដល់អង្គការសប្បុរសធម៌ដែលជាជំនួយដល់ការសង្រ្គោះនៅអ៊ុយក្រែននោះទេ។

ទាក់ទងទៅនឹងបញ្ហានេះខាងក្រុមហ៊ុនកំពុងតែធ្វើការជាមួយនឹង Meta Platforms Inc ដែលជាមេធំរបស់ Instagram ដើម្បីប្រគល់ការគ្រប់គ្រងគណនីទៅលោក Handler វិញ ហើយក៏បានស្នើឱ្យអាជ្ញាធរស៊ើបអង្កេតជុំវិញបញ្ហានេះផងដែរ៕