(ចិន)៖ ស្ថាប័នវិទ្យុ ភាពយន្តនិងទូរទស្សន៍ចិន និងសមាគមបណ្តាញផ្សព្វផ្សាយចិន (CNSA) នាពេលថ្មីៗនេះ បានបង្ហាញពី ច្បាប់ពន្ធដាគំរូមួយ ពាក់ព័ន្ធកិច្ចសន្យាការងាររបស់អ្នកសិល្បៈក្នុងប្រទេសចិន ដែលកំណត់ពីប្រាក់ចំណូលបានមកពីការងារសិល្បៈ និងចំណូលការងារផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។

បទប្បញ្ញត្តិថ្មីនោះ បានកំណត់ថា ប្រាក់ចំណូលបានមកពីការងារសិល្បៈ និងការងារផ្សេងទៀតរបស់អ្នកសិល្បៈក្នុងប្រទេសចិន មិនត្រូវផ្តល់ដោយសាច់ប្រាក់ ឬក៏របស់ជំនួសដូចជា អចលនទ្រព្យ គ្រឿងអលង្ការ និងរបស់របរនានានោះទេ។ បើនិយាយទៅ ទាំងចំណូលផ្ទាល់ខ្លួន, ចំណូលប្រតិបត្តិការក្នុងស្ទូឌីយោ និងចំណូលក្រុមហ៊ុន គឺត្រូវបានកំណត់ក្នុងលក្ខខណ្ឌដ៏តឹងរឹងមួយ (មិនទាន់បញ្ជាក់ថាលក្ខខណ្ឌអ្វីឡើយ)។

ការកំណត់បែបនេះ គឺដោយសារតែគេសង្កេតឃើញថា វិស័យឧស្សាហកម្មភាពយន្ត ហាក់បីដូចជា មានការពាក់ព័ន្ធយ៉ាងខ្លាំង ចំពោះតារាល្បីៗដែលគេចពន្ធនាពេលកន្លងមក ដូចជាតារាសម្ដែង Deng Lun ដែលត្រូវបានពិន័យជាប្រាក់ ១០៦ លានយន់ (ប្រហែល ១៦លានដុល្លារ) ពីបទគេចពន្ធកាលពីថ្ងៃ១៥ ខែមីនា និងតារាល្បី ផ្សេងទៀតផងដែរ ដែលទង្វើគេចពន្ធនេះ បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពមិនប្រក្រតីនៅក្នុងឧស្សាហកម្មភាពយន្តក្នុងប្រទេសចិន៕