(សៀមរាប)៖ ក្នុងខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន៦៦៣គ្រួសារ។

គ្រួសារទាំងនោះមាននៅក្រុងសៀមរាប១៩៦គ្រួសារ ស្រុកបន្ទាយស្រី១២១គ្រួសារ ស្រុកប្រាសាទបាគង១៤១គ្រួសារ ស្រុកពួក១១៥គ្រួសារ ស្រុកសូទ្រនិគម៦គ្រួសារ និងស្រុកស្វាយលើ២២គ្រួសារ។

ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន៥០គ្រួសារ រួមមាន ស្រុកអង្គរធំ៥គ្រួសារ ក្រុងសៀមរាប៧គ្រួសារ ស្រុកប្រាសាទបាគង១៧គ្រួសារ ស្រុកពួក១៣គ្រួសារ ស្រុកបន្ទាយស្រី៦គ្រួសារ និងស្រុកស្វាយលើ២គ្រួសារ។

អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។ រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕