(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ ប្រជាជននៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហានថ្មីមួយ ដើម្បីចូលរួមបង្កើតភាពរីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៉ីនៃសហគ្រិនភាពនៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។

វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្ម ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលមានអាជីវកម្មខ្នាតតូច និងមធ្យមរាប់ពាន់ និងប្រតិបត្តិករអាជីវកម្មជាច្រើនទូទាំងប្រទេស ហើយវប្បធម៌សហគ្រិនភាពនៅក្នុងប្រទេស កំពុងតែបន្តមានសន្ទុះទៅមុខជាលំដាប់។ ឥឡូវនេះ ជាមួយនឹងការដាក់ចេញទិសដៅការងារ និងការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពហៅកាត់ថា ម.អ.ស. (EDF) និង ស្ថាប័នដៃគូពាក់ព័ន្ធនានា ប្រព័ន្ធអេកូឡូស៉ីនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហានទៅរកការអភិវឌ្ឍ នៅដំណាក់កាលបន្ទាប់។

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី ១១ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព (ម.អ.ស.) នៅទីស្តីការសហគ្រិនខ្មែរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកបណ្ឌិត ដែលជាសមាជិកនិងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ម.អ.ស. ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងកំណត់ទិសដៅការងារសម្រាប់ត្រីមាសបន្ទាប់ ក្នុងគោលបំណងបន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមគាំទ្រ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក និងចូលរួមកសាងប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាពឱ្យមានភាពរស់រវើកនៅកម្ពុជា។

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ជាឧបករណ៍គោលនយោបាយសេដ្ឋកិច្ចមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានប្រតិបត្តិករស្វយ័តមួយ ហៅថា សហគ្រិនខ្មែរ។ អាទិភាពចម្បងនៃស្ថាប័ននេះគឺ ផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែមានភាពស៉ីសង្វាក់គ្នា, រស់រវើក និងរីកចម្រើនកាន់តែប្រសើរ។ តាមរយៈកម្មវិធី និងសកម្មភាពគាំទ្រផ្សេងៗជាច្រើន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) នឹងបន្តផ្តល់ឱកាសដល់អាជីវកម្មក្នុងស្រុក, ធុរកិច្ចថ្មី និងសហគ្រិនក្នុងប្រទេស ក្នុងការបន្តដំណើរការ និងចាប់ផ្តើមការងាររបស់ខ្លួន ទោះបីនៅក្នុងកាលៈទេសៈនៃបញ្ហាប្រឈមដូចពេលបច្ចុប្បន្ននេះក្តី។

ភាពបត់បែននៃប្រតិបត្តិការរបស់សហគ្រិនខ្មែរ បានបង្ហាញអំពីសមត្ថភាពដ៏សំខាន់ ក្នុងការចូលរួមគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ សម្រាប់សហគ្រិន។ មិនតែប៉ុណ្ណោះ សហគ្រិនខ្មែរបានពង្រីកសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តកម្មវិធីឱ្យមានវិសាលភាពធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានជួយបំពេញបន្ថែមជាមួយនឹងដៃគូពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៉ីក្នុងការបង្កើតកម្មវិធីគាំទ្រ និងសកម្មភាពល្អៗបន្ថែមទៀត។ តាមរយៈសកម្មភាពទាំងអស់នេះ សហគ្រិនខ្មែរត្រូវបាន គេទទួលស្គាល់ថាជាថ្នាលដ៏សំខាន់ដើម្បីកៀគរសហគ្រិន និងអ្នកពាក់ព័ន្ធដទៃ ជាពិសេសជាថ្នាលដែលផ្តល់ការគាំទ្រដល់ផលិតភាព, ពិពិធកម្មទីផ្សារ, ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។

ដំណាក់កាលបន្ទាប់នៃការផ្តល់មូលនិធិជំនួយរបស់សហគ្រិនខ្មែរក្រោមគោលគំនិតនៃ «គិតឱ្យធំ ចាប់ផ្តើមពី តូច និងពង្រីកខ្លួនឱ្យលឿន» នឹងផ្តល់នូវជម្រើសហិរញ្ញប្បទានបន្ថែមទៀត និងមានលក្ខណៈចម្រុះបែបថ្មីៗ ដល់សហគ្រាសធុនតូច និង មធ្យម និងធុរកិច្ចថ្មី តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឱកាសវិនិយោគរួមគ្នា។ យុទ្ធសាស្រ្តនៃការផ្តល់មូលនិធិនេះ នឹងជួយបំប្លែងប្រតិបត្តិករអាជីវកម្មខ្នាតតូច ទៅជាសហគ្រាសធុនមធ្យម និងទាក់ទាញអ្នកជំនាញ និងអ្នកបណ្តាក់ទុនជាច្រើនរូប មកចូលរួមអភិវឌ្ឍ នៅក្នុងប្រទេសប្រកបដោយទំនុកចិត្តខ្ពស់។

ការឆ្លងកាត់បទពិសោធន៍ជំងឺកូវីដ១៩ គឺជាមេរៀន និងភស្តុតាងដ៏មានតម្លៃសម្រាប់ការកសាងអាជីវកម្មនាពេលអនាគត ហើយយើងអាចមើលឃើញបានយ៉ាងច្បាស់ថា តាមរយៈការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនកម្ពុជា នឹងចូលរួមចំណែកជួយធ្វើឱ្យក្ដីសុបិនអាជីវកម្មរបស់ពួកគេក្លាយជាការពិត៕