(ភ្នំពេញ)៖ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ក្រោមការដឹកនាំ និងគ្រប់គ្រងដោយអគ្គនាយិកា ទ្រី ដាណា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានបើកសម្ពោធជាផ្លូវការអាគារការិយាល័យក្រុមហ៊ុនថ្មី ដ៏ស្កឹមស្កៃមួយ ឈរនៅលើបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទបើកសម្ពោធអាគារជាផ្លូវការ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា អាគារក្រុមហ៊ុនមួយនេះ គឺបើកបម្រើជាសាធារណៈ សម្រាប់អាជីវករទូទាំងប្រទេស មិនថាជាតំណាងចែកចាយរបស់ក្រុមហ៊ុន ឬជាអាជីវករទូទៅ អាចចូលមកប្រឹក្សាយោបល់ ជុំវិញការធ្វើអាជីវកម្មឲ្យទទួលបានជោគជ័យ។

លោកស្រី បន្តថា បន្ថែមពីលើនេះ អាគារក្រុមហ៊ុន ដាណាទ្រី គឺជួយផ្តល់ជូនសេវាកម្មជាច្រើនជូនដល់បងប្អូនអាជីវករ មានទាំងសេវាប្រឹក្សារកដំណោះស្រាយ សេវាកម្មផ្តល់មូលដ្ឋានគ្រឹះលើការប្រកបអាជីវកម្ម ផ្តល់ជូនដោយឥតគិតថ្លៃ និងជាកន្លែងដែលផ្តល់ទំនុកចិត្តជូនពួកគាត់ផងដែរ។

ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ម្នាក់ដែលទទួលបានជោគជ័យ ថៅកែស្រី ទ្រីដាណា នៅតែប្រឹងប្រែងច្នៃប្រឌិត និងបង្កើនការចាប់អារម្មណ៍ថ្មីៗបន្ថែមទៀត ជូនអតិថិជន មិនថាតែអាជីវកម្មលក់គ្រឿងសម្អាងប្រេន NNP ប្រេន NUNA ប្រេន CTM សារាយសមុទ្រ NNP និងហាងពេជ្រ ទ្រី ដាណាឡើយ។

លោកស្រី បន្ថែមថា នាពេលដ៏ខ្លីខាងមុខ អាជីវកម្មធំៗជាច្រើនទៀត និងលេចរូបរាងឡើងជាបន្តបន្ទាប់ ជាក់ស្តែងគឺអាជីកម្មពង្រីកហាងលក់ មាស ពេជ្រ ទ្រី ដាណា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ត្រីជំនួញដ៏ជោគជ័យរូបនេះ ក៏បានចែករំលែកពីភាពជោគជ័យរបស់ខ្លួនថា កត្តាដែលជំរុញឲ្យលោកស្រី ជោគជ័យមកដល់ពេលនេះ គឺកើតចេញពីការប្រឹងប្រែង កើតចេញពីបាតដៃទទេ កើតចេញពីដើមទុនត្រឹមតែ៨ម៉ឺនរៀលតែប៉ុណ្ណោះ។ ការតស៊ូនេះហើយ បានធ្វើឲ្យថៅកែស្រី រូបនេះ បានឈរជើងយ៉ាងរឹងមាំ និងជោគជ័យខ្លាំងបំផុតក្នុងវិថីអាជីកម្ម។

សហគ្រិនស្រ្តីរូបនេះ ក៏បានថ្លែងអរគុណដល់អតិថិជន និងមហាទូទាំងដែលតែងស្រឡាញ់គាំទ្រ លោកស្រីតាំងពិដើមរហូតមក បើគ្មានការគាំទ្ររហូតបងប្អូន លោកស្រី ក៏មិនអាចឈរជើងបានរហូតមកដល់ពេលនេះឡើយ។ ក្នុងនាមជាបុគ្គលដែលជោគជាំលើការរកស៊ី លោកស្រី ទ្រី ដាណា ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលនាំឲ្យលោកស្រីក្លាយជាបុគ្គលជោគជ័យ គឺភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការតស៊ូព្យាយាមជំនះគ្រប់ឧបសគ្គ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ដែលមានលោកស្រី ទ្រី ដាណា ជាអគ្គនាយិកា បានឈរជើងលើវិស័យ Online ជាង៣ឆ្នាំមកហើយ លើការលក់ផលិតផលជាច្រើនមុខ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដាណាទ្រី បានដំណើរការប្រេនលក់គ្រឿងសំអាងរបស់ខ្លួនចំនួន៣ ក្នុងនោះ មាន ប្រេន NNP ប្រេន NUNA ប្រេន CTM ហើយថ្មីៗនេះ ពោលគឺមិនដល់១ឆ្នាំផង ក៏បាននាំចូលអាហារបំប៉នសុខភាព សារាយសមុទ្រ NNP លក់លើទីផ្សារផងដែរ។ ក្រៅពីជំនួញលក់គ្រឿងសំអាង និងអាហារបំប៉នសុខភាព លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ក៏មានហាងលក់ មាស ពេជ្រ ដ៏ធំមួយទៀតកំពុងបើកដំណើរការ និងមានការគាំទ្រពីអតិថិជនផងដែរ៕