(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U23 កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន ក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ បន្ទាប់ពីបានលត់ក្រុមជម្រើសជាតិ U23 ឡាវ ដោយលទ្ធផល ៤-១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Thien Truong នេះ ក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខឡាវ ២គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទីទី៤ និងគ្រាប់ទី២ បង្កើតឱកាសបញ្ចប់ទីដោយកីឡាករ សារ ទី បន្ទាប់ពីសមាជិកក្លិបវិសាខារូបនេះ ទាត់ប៉ះអ្នកចាំទី ហើយក្រឡកទៅប៉ះជើងខ្សែការពារឡាវ Anantaza ចូលទីខ្លួនឯង នៅនាទី១៤។
ចូលវគ្គទី២ ក្រុមយុវជន U23 កម្ពុជា ដែលដឹកនាំដោយលោក Keisuke Honda បានបន្ថែម ២គ្រាប់ទៀត ពោលគឺគ្រាប់ទី៣ ធ្វើសម្រេចដោយកីឡាករ គី រីណា នៅនាទី៦៣ និងកីឡាករ អ៊ីម សំអូន នៅនាទី៧១ បន្ទាប់ពីសមាជិកក្លិបគិរីវង់រូបនេះ ប្ដូរចូលលេងបានប្រមាណ ២នាទី ។ រីឯគ្រាប់បាល់វាយបក ១គ្រាប់របស់ក្រុម U23 ឡាវ ធ្វើសម្រេចដោយកីឡាករ Phouvieng នៅនាទី៦៧។
តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម U23 កម្ពុជា ឡើងឈរកំពូលតារាងពូល B ជាបណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុម U23 ម៉ាឡេស៊ី ខណៈប្រកួតបន្ទាប់របស់កម្ពុជា នឹងត្រូវជួប U23 សិង្ហបុរី នាល្ងាចថ្ងៃទី១១ ខែឧសភាខាងមុខនេះ៕