(មែនឆេស្ទើ)៖ អតីតតារាងឆ្នើម Manchester United នាមជាខ្សែបម្រើ David Beckham មានក្តីសង្ឃឹមថា Cristiano Ronaldo នឹងបន្តលេងជាមួយក្លិបបិសាចក្រហម យ៉ាងណាស់ ១ ឬ២ឆ្នាំទៀត ទោះបីជាក្លិបមានគោលការណ៍ផ្លាស់ប្តូរទម្រុងនៃក្រុមក៏ដោយ។ នេះបើតាមការឲ្យដឹងពី CNA នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

Man United បានចាញ់ ៤-០ ក្នុងជំនួបទល់ Brighton & Hove Albion ទោះបីជាមានវត្តមានតារាឆ្នើម Ronaldo ក៏ដោយក្នុងលីគអង់គ្លេស Premier League 2021-22 ធ្វើឲ្យក្រុមឈរលេងរៀងទី៦ ជាបណ្តោះអាសន្ននៅសល់ ១ប្រកួតបិទរដូវកាលនេះជាមួយក្រុម Crystal Palace ដ្បិតក្រុមបានតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការទូទៅផ្លូវការ ដែលមានគោលការណ៍កែប្រែទម្រុងនៃក្រុមនៅអំឡុងបិទរដូវកាល។

ខណៈអតីតម្ចាស់អាវលេខ ៧ លោក Beckham មានការជឿជាក់ថា Ronaldo និងបន្តលេងជាមួយក្លិប Man United ដែលបច្ចុប្បន្នរកបាន ២៤គ្រាប់គ្រប់ការប្រកួតជាមួយក្រុមបិសាចក្រហម «វាមានសារៈសំខាន់ណាស់ យើងពិតជាដឹងហើយថាក្លិប Man United ពិតជាមានន័យណាស់ចំពោះគាត់ ហើយគាត់នឹងនៅតែធ្វើអ្វីដែលល្អបំផុត»

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sport ក្នុងកម្មវិធី Miami Grand Prix សម្រាប់លោក Beckham បានឲ្យដឹងថា «គាត់កំពុងធ្វើអ្វីដែលគាត់ធ្វើក្នុងវ័យរបស់គាត់នេះ ពិតជាមិនគូរឲ្យជឿហើយសង្ឃឹមថាអាចបន្ត ១ ឬ២ឆ្នាំទៀត»

រំលឹកផងថា Beckham ជាអ្នកធ្លាប់លើកពានលីគ Premier League បានចំនួន ៦លើកជាមួយក្លិប Man United ខណៈដែលក្លិបរហ្សនាមបិសាចក្រហម បានខកខានការលើកពានគិតចាប់តាំងពីធ្វើបានចុងក្រោយនៅរដូវកាល ២០១២-១៣៕