(ហាណូយ)៖ ក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ទទួលបានលទ្ធផលពុំសូវល្អប្រសើរដូចថ្ងៃដំបូងឡើយ សម្រាប់ការប្រកួតថ្ងៃទី២ នេះ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៤គូ នៅយប់ថ្ងៃទី០៩ ខែឧសភានេះ បានបញ្ចប់ជាមួយលទ្ធផលឈ្នះ ១គូ និងចាញ់ ៣គូ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

សម្រាប់កីឡាករ ខាំ ខ្លានាង ដែលប្រកួតបើកឆាកថ្ងៃនេះ បានបរាជ័យក្រោមថ្វីដៃកីឡាករម៉ាឡេស៊ី Masdor Mohammad Rifdean ដោយពិន្ទុ លើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម ស្របពេលកីឡាការិនី ទូច ចាន់វត្តី ក៏បានរបូតឱកាសឡើងវគ្គបន្ដ បន្ទាប់ពីប្រកួតចាញ់ពិន្ទុកីឡាការិនីថៃ Namrak Surachada លើវិញ្ញាសាទម្ងន់ ៥៦គីឡូក្រាម ។

ចំណែកអ្នកលេងទម្ងន់ធ្ងន់ ឈឿង ល្វៃ បានយកកីឡាករសិង្ហបុរី Nazri Bin Sutari Muhammad ដោយពិន្ទុ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងកក់មេដាយសំរឹទ្ធ លើវិញ្ញាសា ៧១គីឡូក្រាម បន្ទាប់ពីធ្វើការប្រកួតដ៏ស្វិតស្វាញ ៣ទឹកពេញ ។

ចុងក្រោយកីឡាករ ឈុត វ៉ាន់ថង បានរងបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះវៀតណាម កីឡាករ Nguyen Quang Huy ដោយពិន្ទុ ។ ការប្រកួតនេះ វ៉ាន់ថង បានព្យាយាមវាយសម្រុកខ្លាំងទាំង ៣ទឹក តែគួរឲ្យសោកស្ដាយ រូបគេមិនអាចទម្លាក់ម្ចាស់ផ្ទះឡើងវគ្គបន្ដបានឡើយ ។

សូមបញ្ជាក់ថា ក្នុងចំណោមអត្តពលិកកីឡាឃីកបុកស៊ីងរបស់កម្ពុជា ៩រូប ដែលកម្ពុជាបានបញ្ជូនទៅចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ គឺបានបញ្ចប់ការប្រកួតជុំដំបូងអស់ហើយ ដោយមានកីឡាករ ៥រូប បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានកក់មេដាយសំរឹទ្ធក្នុងដៃ ពោលគឺក្រៅពីកីឡាករ ឈឿង ល្វៃ គឺមានកីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង និង សាន រ៉ាគីម ដែលទទួលបានជ័យជម្នះកាលពីម្សិលមិញ ខណៈកីឡាករ លន់ បញ្ញា បានចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ៕