(កណ្ដាល)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសយើងបានសុខសន្តិភាព ហើយបានចាក់វ៉ាក់សាំងទូទាំងប្រទេសដែលជាគុណដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន សែន ទើបពួកយើងអាចបើកកីឡាប្រកួតបាល់ទាត់យ៉ាងសប្បាយរីករាយ ។
លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងកម្មវិធីបិទកីឡាប្រកួតបាល់ទាត់ពានរង្វាន់ «ឯកឧត្តមបណ្ឌិតគុណ ញឹម ឆ្នាំ២០២២» ដែលកម្មវិធីនេះប្រព្រឹត្តិទៅនៅស្រុកកៀនស្វាយ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២នេះ ដែលមានសិស្សានុសិស្ស យុវជន យុវតី បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរខ្ទង់ពាន់នាក់ផងដែរ ។
លោកបណ្ឌិត គុណ ញឹម បានថ្លែងថា «អរគុណសន្តិភាព ! មានសុខសន្តិភាព ទើបប្រទេសយើងមានការអភិវឌ្ឍន៍ មានការរីកចំរើន សម្បូរសប្បាយ និងពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ។ សម្ដេចតេជោបានស្រោចវ៉ាក់សាំងជូនដល់ពលរដ្ឋយើងទូទាំងប្រទេសបានសម្រេចជោគជ័យយ៉ាងធំធេង ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់នំផុតពីសំណាក់សម្ដេច ដែលស្រលាញ់អាយុជីវិតប្រជាជនយើងទាំងអស់គ្នា បារម្ភពីសុខភាពរបស់ពលរដ្ឋយើងគ្រប់ៗរូប» ។
លោកបណ្ឌិតបានថ្លែងបន្តទៀតថា អាយុជីវិតពលរដ្ឋពិតជាសំខាន់បំផុតសំរាប់សម្ដេចតេជោដែលជាមេដឹកនាំមានបេះដូងជាព្រះ បេះដូងធំទូលាយ សក្ដិសមជាមេ ដឹករបស់ ល្អបំផុតរបស់កម្ពុជាយើង ។ ៥០០ឆ្នាំមកហើយដែលប្រទេសជាតិមិនដែលមានសុខសន្តិភាពពេញលេញដូចសម័យតេជោសែនយើងនេះឡើយ ពោលគឺយើងពិតជាមាន សំណាងណាស់ដែលមានសម្ដេចតេជោដ៏អង់អាចក្លាហាន ពេញដោយសមត្ថភាព ដឹកនាំប្រទេសជាតិយើងឲ្យរុងរឿង ឲ្យរីកចំរើនទៅមុខជាលំដាប់ ។
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានសម្ដែងនូវការស្វាគមន៍ដោយក្តីគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានរបស់ អធិបតីនិងក្រុមការងារដែល ជាតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឆ្នាំ២០២២ នាពេលនេះ ។
លោកអភិបាលស្រុក បានគូសបញ្ជាក់ថា សមិទ្ធិផលថ្ងៃនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ក្រោមការចង្អុលបង្ហាញច្បាស់លាស់ របស់លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការជួយឧបត្ថម្ភជ្រោមជ្រែងយ៉ាងពេញទំហឹងទាំងសម្ភារៈ ថវិកា និងស្មារតីពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាមរយៈ លោកបណ្ឌិតលោកគុណ ញឹម ដែលសកម្មបំផុតក្នុងការចុះជួយស្រុកកៀនស្វាយយើងនេះ ។
សូមជម្រាបថា កីឡាបាល់ទាត់នេះមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ពលរដ្ឋស្រុកកៀនស្វាយ ដែលការបើកឲ្យមានកីឡានេះឡើងពិតជាត្រូវនឹងចិត្តរបស់ ពលរដ្ឋគ្រប់ៗរូប ហើយកីឡាបាល់ទាត់នេះដែរ ជាស្ពាននាំឲ្យបង្កើតសាមគ្គីភាព ការស្គាល់គ្នា រាប់អានគ្នា ស្រលាញ់គ្នាកាន់តែស្អិតរមួតឡើង ដែលការរៀបចំបានចាក់ ចំបេះដូង ពលរដ្ឋស្រុកកៀនស្វាយ ពោរពេញទៅដោយស្នាមញញឹមពេញចិត្តពេញថ្លើមតែម្ដង និងជាសារមួយរួបរួមពលរដ្ឋឲ្យកាន់តែស្រលាញ់ និងបែរមកស្រលាញ់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ហើយប្ដេជ្ញាគាំទ្រម្ដេចតេជោជានាយករដ្ឋមន្ត្រី និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ៕