(បរទេស)៖ ត្រីមាសទី១ ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ខណៈដែលការព្រួយបារម្ភអំពីម៉ាក្រូសេដ្ឋកិច្ចជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងការរាំងខ្ទប់ជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសចិននៅតែបន្តកើតមាន។ ទាំងនេះគឺជាតួរលេខ ក៏ដូចជាលទ្ធផលត្រីមាសដើមឆ្នាំពីក្រុមហ៊ុនបច្ចេកវិទ្យា Amazon, Apple, Meta Platforms, Aphabet និង Microsoft។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Fortune។

១. ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ ១២ភាគរយ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៥ មក។ នេះបណ្តាលមកពីការធ្លាក់ចុះការលក់ពីអាជីវកម្មលក់រាយតាមអ៊ីនធឺណិតរបស់ខ្លួន និងការធ្លាក់ចុះតម្លៃនៃការវិនិយោគនៅក្នុងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអគ្គីសនី Rivian ដែលតម្លៃភាគហ៊ុនបានធ្លាក់ចុះ ៦៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ តែទោះជាយ៉ាងណាក៏ដោយសម្រាប់ត្រីមាសដើមឆ្នាំ ២០២២ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនៅតែកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ដែលឈានដល់ ១១៦.៤ពាន់លានដុល្លារ និងកើនឡើង ៧ភាគរយបើធៀបនឹងឆ្នាំមុន។

២. គិតចាប់ពីខែមករា រហូតដល់មីនាកន្លងទៅនេះ Apple រកចំណូលសរុបបាន ៩៧.២៨ពាន់លានដុល្លារ ដែលកើនឡើង ៩ភាគរយ និងគិតជាប្រាក់ចំណេញសុទ្ធទទួលបាន ១៤.៤ពាន់លានដុល្លារ។ ប្រាក់ចំណូលដែលរកបានពីសេវាកម្មរបស់ Apple រួមមាន Apple Music និង TV Straming ឃើញថាមានការកើនឡើង
១៧ភាគរយនៃប្រាក់ចំណូលដែលឈានដល់ ១៩.៨ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណេញ ៧២.៦ភាគរយ។ រីឯប្រាក់ចំណូលស្នូលដែលរកបានពីការលក់ iPhone ទទួលបាន ៥០.៥៧ពាន់លានដុល្លារ ប្រាក់ចំណូលពីការលក់ Mac ទទួលបាន ១០.៤៤ ពាន់លានដុល្លារ និងចំណូលពីការលក់ iPad ទទួលបាន ៧.៦៥ពាន់លាដុល្លារ បូករួមទាំងចំណូលពីការលក់សេវាកម្ម និងផលិតផលផ្សេងៗរួមបញ្ចូលគ្នាទទួលបាន ២៨.៦៣ពាន់លានដុល្លារឯណោះ។

៣. កាលពីប៉ុន្មានខែមុន Meta ដែលជាមេធំរបស់ Facebook បានរាយការណ៍ពីការថយចុះជាបន្តបន្ទាប់ជាលើកដំបូងរបស់ខ្លួនចំពោះអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ និងឃើញថាប្រាក់ចំណូលដែលទទួលបានកំឡុងពេលនោះគឺទទួលបានទាបជាងការរំពឹងទុក ខណៈដែលតម្លៃភាគហ៊ុនវិញមានការធ្លាក់ចុះរហូតដល់ ២៧ភាគរយត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅត្រីមាសចុងក្រោយនេះ កំណើនអ្នកប្រើប្រាស់មានសន្ទុះឡើងវិញជាងមុនបន្តិចដែលធ្វើឱ្យភាគហ៊ុនកើនឡើដល់ ១៨ភាគរយ។ ដូច្នេះប្រាក់ចំណូលសរុបដែលរកបានសម្រាប់ត្រីមាសទី១ គឺ ២៧.៩ពាន់លានដុល្លារ ដែលជាលទ្ធផលកើនឡើង ៧ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែលវាជាល្បឿនយឺតបំផុតនៃការបង្រីកអាជីវកម្មនៅក្នុងប្រវត្តិសាស្រ្ត ១០ឆ្នាំរបស់ Meta ដែលជាក្រុមហ៊ុនសាធារណៈ។

៤. ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google បានប្រកាសបង្ហាញពីប្រាក់ចំណូលសម្រាប់ត្រីមាសដើមឆ្នាំរបស់ខ្លួន ដោយក្នុងនោះឃើញថាប្រាក់ចំណូលដែលរកបានពីការផ្សាយពាណិជ្ជកម្មរបស់ Google បានកើនឡើងប្រហែល ២២ភាគរយឈានដល់ទឹកប្រាក់ ៥៤.៦៦ពាន់លានដុល្លារដែលទទួលបានលើសពីការរំពឹងទុកក្នុងចំនួនតិចតួចប៉ុណ្ណោះ។ ចំណែកប្រាក់ចំណូលដែលរកបានពី YouTube តាមរយៈការផ្សាយពាណិជ្ជកម្មវិញកើនឡើងត្រឹមតែ ១៤ភាគរយប៉ុណ្ណោះគិតជាទឹកប្រាក់មានចំនួន ៦.៨៧ពាន់លានដុល្លារ ដែលមានការធ្លាក់ចុះពីការប៉ានស្មាន។ ស្របពេលដែលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ YouTube បានធ្លាក់ចុះឃើញថា សន្ទុះទីផ្សាររបស់ TikTok កំពុងតែស្ទុះឡើងខ្លាំង ដែលបានចាប់យកចំណែកទីផ្សារវីដេអូខ្លីរបស់ខ្លួនវ៉ាដាច់ YouTube តែម្តង ជាក់ស្តែងសន្ទុះនេះបានកើតឡើងនៅកំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងតែក្រោកឡើងម្តងទៀតដែលអ្នកប្រើប្រាស់មួយចំនួនសម្រាកនៅផ្ទះ។ ខណៈដែលអាជីវកម្មបម្រើសេវាកម្ម Cloud របស់ Google វិញមានភាពលេចធ្លោនៅក្នុងត្រីមាសនេះ ដោយកើនឡើងជាង ៤៤ភាគរយ និងលើសពីការប៉ាន់ស្មាន ដោយសារសហគ្រាសធំៗជាច្រើនបានផ្លាស់ប្តូរបន្ទុកការងាររបស់ពួកគេចេញពី Data Centers ផ្ទាល់ខ្លួនរបស់ពួកគេ។ តែទោះជាការកើនឡើងនៅត្រីមាសមុននេះមានចំនួនច្រើនក៏ពិតមែនប៉ុន្តែ ផ្នែកសេវាកម្ម Cloud នេះនៅតែទទួលរងការខាតបង់ បើយោងតាមរយៈរបាយការណ៍ នៅត្រីមាសនេះរកបាន ៩៣១លានដុល្លារបើធៀបនឹង ៩៧៤លានដុល្លារកាលពីឆ្នាំមុន។

៥. ជាលទ្ធផលប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Microsoft បានកើនឡើងលើសពីការរំពឹងទុក ជាមួយនឹងប្រាក់ចំណូល ២.២២ដុល្លារក្នុងមួយហ៊ុន (ការព្យាករណ៍ ២.១៩ដុល្លារ) និងប្រាក់ចំណូលដែលរកបានសរុបមានចំនួន ៤៩.៤ពាន់លានដុល្លារ (ការព្យាករណ៍ ៤៩.១ពាន់លានដុល្លារ)។ យ៉ាងណាមិញកំណើន Cloud នៅតែជាគន្លឹះជាមួយនឹងកំណើនប្រាក់ចំណូលសរុបនៅ Azure និងសេវាកម្ម Cloud ផ្សេងទៀតដែលបានជម្រុញការកើនឡើងដល់ទៅ ៤៦ភាគរយឯណោះ៕