(គីនសាសា)៖ កីឡាករបាល់ទាត់លំដាប់អន្តរជាតិរបស់ប្រទេសកុងហ្គោ Jody Lukoki ដែលបានចាប់ផ្តើមអាជីពរបស់លោកនៅក្លិបរបស់ហូឡង់ Ajax នោះ បានស្លាប់ហើយក្នុងវ័យត្រឹមតែ ២៩ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

Lukoki ក៏ធ្លាប់បានលេងឲ្យក្លិប PEC Zwolle និងក្លិប Ludogorets របស់ប៊ុលហ្គារី និងក្លិប Yeni Malatyaspor របស់តួកគីដែរ ហើយថ្មីៗនេះ លោកបានលេងឲ្យក្លិប FC Twente របស់ហូឡង់ទៀតផង។

មូលហេតុនៃការស្លាប់របស់កីឡាករ Lukoki មិនទាន់ដឹងនៅឡើយរហូតមកទល់នឹងពេលនេះ។

ខ្សែបម្រើស្លាបរូបនេះបានចូលរួមជាមួយក្លិប FC Twente លើកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែបានរងរបួសជង្គង់ធ្ងន់ធ្ងរ នៅអំឡុងពេលហ្វឹកហាត់មុនបើករដូវកាល។

កិច្ចសន្យារបស់លោកជាមួយក្លិប Twente ត្រូវបានបញ្ចប់កាលពីខែកុម្ភៈ ដោយសារតែអ្វីដែលក្លិបហៅថា «បញ្ហាក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់»។

Lukoki បានចូលរួមប្រកួតលំដាប់អន្តរជាតិជាលើកដំបូងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកុងហ្គោ នៅឆ្នាំ២០១៥។

ការប្រកួតចុងក្រោយរបស់លោកសម្រាប់ក្រុមជម្រើសជាតិកុងហ្គោ គឺជាការប្រកួតលក្ខណៈមិត្តភាពដែលប៉ះនឹងក្រុមប៊ូគីណាហ្វាសូ នៅឆ្នាំ២០២០៕