(ក្រុងរ៉ូម)៖ កីឡាការិនីវាយតេន្នីស Naomi Osaka របស់ជប៉ុនបានបង្ខំចិត្តចាកចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Italian Open ដើម្បីសម្រាកព្យាបាល របួសសរសៃពួរសាច់ដុំកែងជើងខាងឆ្វេង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

Osaka បានរងរបួសនៅឯព្រឹត្តិការណ៍ Madrid Open របស់អេស្ប៉ាញអំឡុងពេលប្រកួតជុំទី១ ក្នុងលទ្ធផលឈ្នះ ហើយបានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទថា នាងមិនទាន់ជាសះស្បើយពីបញ្ហារបួសនៅឡើយនោះទេ។

កីឡាការិនីអេស្ប៉ាញ Nuria Parrizas Diaz នឹងជំនួសកីឡាការិនី Osaka នៅក្នុងព្រឹត្តិការណ៍ Italian Open ឆ្នាំ២០២២។

កីឡាការិនី Osaka បានលើកឡើងថា នាងបានផ្តោតលើការត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ French Open របស់បារាំង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខ។

សូមជម្រាបថា Italian Open ធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២៕