(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរៀបចំធ្វើឡើងនៅអគារ ស្ថាបនា ក្នុងរាជធានីភ្នំពេញ។

ការចុះកិច្ចព្រមព្រៀង នេះ នឹងផ្តល់ជូននូវសេវាដកប្រាក់ទូទាំងប្រទេស ដែលអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនរបស់ធនាគារ ស្ថាបនា អាចផ្ទេរប្រាក់ពីកម្មវិធីទូរស័ព្ទដៃ និងធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូន និងក្រុមគ្រួសារ ដោយអាចធ្វើការដកប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នី ឬ ពីម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេស។

អតិថិជនរបស់ធនាគារ ស្ថាបនា ដែលប្រើប្រាស់សេវានេះ នឹងអាចដកប្រាក់នៅតាមភ្នាក់ងារ ទ្រូម៉ាន់នី ដោយប្រើប្រាស់ស្ថាបនា ម៉ូបាល ហើយដូចគ្នានេះដែរ អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏អាចដកប្រាក់បានពីម៉ាស៊ីន ATM របស់ធនាគារ ស្ថាបនា ផងដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការសហការរជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់សេវាធនាគារប្រចាំថ្ងៃ។ តាមរយៈកិច្ចសហការនេះ អតិថិជនរបស់យើងនឹងមានភាពងាយស្រួលជាងមុន និងមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការប្រើប្រាស់សេវាដកប្រាក់ តាមរយៈវត្តមានដ៏ទូលំទូលាយនៃក្រុមហ៊ុន TrueMoney នៅក្នុងប្រទេសកម្ពុជា»

លោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «យើងតែងតែស្វែងរកមធ្យោបាយផ្សេងៗដើម្បីផ្តល់ជូនសេវាកម្មបន្ថែមទៀតដល់អតិថិជនរបស់ ទ្រូម៉ាន់នី។ យើងជឿជាក់ថា ភាពជាដៃគូរបស់យើងជាមួយធនាគារ ស្ថាបនា នឹងពិតជាផ្តល់ភាពងាយស្រួលសម្រាប់សេវាហិរញ្ញវត្ថុ និងការទូទាត់ដល់អតិថិជនរបស់យើងទាំងពីរ»

ការផ្តល់ជូនថ្មីនេះ នឹងដាក់ឱ្យដំណើរការក្នុងខែមិថុនា និងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ស្ថាបនា និងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ធ្វើការទូទាត់ប្រាក់បានភ្លាមៗ តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។ លើសពីនេះ អតិថិជនដែលប្រើប្រាស់សេវាថ្មីមួយនេះក៏អាចដកប្រាក់បានយ៉ាងងាយស្រួលដោយប្រើប្រាស់លេខទូរស័ព្ទរបស់អ្នកផ្ញើ និងអ្នកទទួល៕