(ភ្នំពេញ)៖ ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata បានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសហគ្រិន ក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ទន្ទឹមនឹងនោះក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកំសាន្ត។

មកពីវិទ្យាល័យកំពង់ធំ ក្រុម The Last Idea ដែលមានសមាជិកសរុបចំនួនបួននាក់ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ១៤០០ ដុល្លារ ចំពោះគំនិតផ្ដួចផ្ដើមម៉ាស៊ីនចម្រោះទឹករបស់ពួកគេ ដែលផ្តល់ទឹកស្អាតតាមភូមិនៅតំបន់ជនបទ
ខណៈក្រុមទី២ និងក្រុមទី៣ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៨០០ ដុល្លារ និង២០០ ដុល្លារតាមក្រុម។

សិស្សវិទ្យាល័យចំនួន៣៦នាក់មកពីខេត្ត កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង បានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនការប្រកួតផ្តាច់ព្រ័ត្របេក្ខជនទាំង ៣៦ នាក់មកពីក្រុមទាំង ៩ បានចូលរួមក្នុងដំណើរទស្សនៈកិច្ចដែលទទួលបានការឧបត្ថម្ភរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ ដែលពួកគេបានទៅទស្សនាសារមន្ទីរជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។

ដោយទទួលបានការគាំទ្រ និងការយល់ព្រមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដ៏ទៃទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតក្នុងចំណោមយុវជនតាមរយៈ ការបណ្តុះបណ្តាល កម្មវិធី hackathons និងកម្មវិធី incubation ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «នៅក្រុមហ៊ុន Smart យើងតែងតែមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើឱ្យកម្មវិធីសិក្សាអំពីភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់យើង អាចស្វែងរកបានសម្រាប់សិស្សវិទ្យាល័យក្រៅរាជធានីភ្នំពេញ ក្រោយទទួលបានជោគជ័យដ៏ល្អនៃកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ការរៀនសូត្រពីសារៈសំខាន់នៃផ្នត់គំនិតសហគ្រិនឌីជីថល និងបច្ចេកវិទ្យាពីក្មេងទៅនឹងអនុញ្ញាតឱ្យពួកគេបញ្ចេញសក្តានុពល និងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។ ដោយមានការគាំទ្រពីដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងពង្រីកលទ្ធភានៃកម្មវិធីទាំងនេះបន្តទៀត សម្រាប់សិស្ស និងនិស្សិតនៅកម្ពុជា»

បេក្ខជនចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងអស់ បានបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ ទៅកាន់ក្រុមចៅក្រម មានលោកស្រី លឹម សូលីន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Saddhā ផ្នែកសហគ្រាសប្រឹក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ។ លោក ពិសិដ្ឋ នេត ពេជ្រ ផ្នែក Startup Incubation Lead នៅ Impact Hub Phnom Penh និងលោកស្រី តូ គឹមអ៊ាង អ្នកគ្រប់គ្រងភាពជាដៃគូផ្នែកប្រព័ន្ធអ៉ីនធឺណិតក្រុមហ៊ុន Smart Axiata ។

ក្រោយភាពជោគជ័យនៃកម្មវិធី SmartStart អ្នកច្នៃប្រឌិតវ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ ដើម្បីផ្តល់នូវការណែនាំអំពីអាជីវកម្មឌីជីថល និងភាពជាសហគ្រិនសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិនឌីជីថល ដោយធ្វើឱ្យមានតុល្យភាព នៃវគ្គសិក្សាអាជីវកម្មឌីជីថល ភាពជាសហគ្រិន និងជំនាញទន់សំខាន់ៗ នឹងបណ្តុះផ្នត់គំនិតសហគ្រិនភាព ក្នុងចំណោមសិស្សទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia នៅ www.facebook.com/smartforcambodia  ឬចូលទៅកាន់ www.smartstart.com.kh