(កូរ៉េ)៖ ក្រុមចម្រៀង K-POP បុរសល្បី BTS ត្រូវបានរាយការណ៍មកថា នឹងមិនចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បី «Billoard Music Awards»«BBMs» ឆ្នាំ២០២២ នៅអាមេរិកនោះទេ បើទោះបីជាក្រុមនេះ មានលទ្ធភាពខ្ពស់ ក្នុងការនាំយកពានរង្វាន់ជាច្រើនពីកម្មវិធីនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yonhap នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។

ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថា ជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីធំបំផុតមួយ ក្នុងចំណោមកម្មវិធីពានរង្វាន់តន្ត្រីធំៗ ទាំងបីនៅសហរដ្ឋអាមេរិក បន្ទាប់ពីកម្មវិធីពានរង្វាន់ «American Music Awards» និង «Grammy Awards»។ ងាកមកក្រុម BTS ត្រូវបានប្រភពឲ្យដឹងថា បានសម្រេចថា នឹងមិនចូលរួមព្រឹត្តិការណ៍ BBMs ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ខាងមុខ នៅ Las Vehas សហរដ្ឋអាមេរិកនោះទេ។

មូលហេតុត្រូវបានបញ្ជាក់ថា ដោយសារតែ BTS បច្ចុប្បន្នកំពុងផ្តោតសំខាន់ទៅលើអាល់ប៊ុមថ្មីរបស់ខ្លួនជំនួសវិញ ព្រោះអាល់ប៊ុមថ្មីរបស់ពួកគេ «Proof» នឹងបញ្ចេញនៅអំឡុងខែមិថុនា ខាងមុខនេះ។ ពាក់ព័ន្ធនឹងកម្មវិធី ពានរង្វាន់ «Billoard Music Awards» ក្រុម BTS នឹងឡើងនិយាយតាមប្រព័ន្ធវីដេអូ ប្រសិនបើពួកគេឈ្នះពានរង្វាន់៕