(ភ្នំពេញ)៖ កីឡាករទោចក្រយានជម្រើសជាតិកម្ពុជា Phan Johnny បានលើកឡើងដោយមោទកភាពថា រូបគេបានត្រៀមខ្លួនរួចរាល់ ដើម្បីគ្រងឯកសណ្ឋានជម្រើសជាតិកម្ពុជា និងការប្រកួតប្រជែងដណ្ដើមមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។

ការអះអាងនេះ បន្ទាប់ពី Johnny រួមជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទោចក្រយានជម្រើសជាតិកម្ពុជា ត្រូវបានលោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា អនុញ្ញាតឲ្យជួបសម្ដែងការគួសម្យ និងសំណេះសំណាល មុនចាកចេញពីមាតុភូមិ ដើម្បីបំពេញបេសកកម្មខាងលើកាលពីល្ងាចថ្ងៃទី០៩ ខែឧសភាម្សិលមិញ។

កីឡាករខ្មែរ-អាមេរិករូបនេះបានបញ្ជាក់ថា «ខ្ញុំពិតជាមានមោទកភាពណាស់ ដែលខ្ញុំបានមកចូលរួមការប្រកួតកីឡាស៊ីហ្គេម ហើយខ្ញុំមានទំនុកចិត្តពេញលេញ ក្នុងការគ្រងឯកសណ្ឋានជម្រើសជាតិ ទៅប្រកួតតំណាងជម្រើសជាតិកម្ពុជា បង្ហាញអំពីអ្វីដែលខ្មែរមាន ទាំងវប្បធម៌ ប្រពៃណី និងអ្វីទាំងអស់របស់ខ្មែរ»

Johnny បន្ដថា «ខ្ញុំមានបទពិសោធន៍រហូតដល់ ១០ឆ្នាំ ក្នុងការហ្វឹកហាត់ និងការប្រកួតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះ ខ្ញុំខិតខំហ្វឹកហាត់ខ្លាំង ព្រោះខ្ញុំពិតជាសប្បាយចិត្តមែនទែន ក្នុងនាមជាកីឡាករកូនខ្មែរ-អាមេរិកម្នាក់ ដើម្បីលេងឲ្យជម្រើសជាតិកម្ពុជា។ អ៊ីចឹងខ្ញុំមកនេះ គឺដើម្បីប្រកួតដណ្ដើមលទ្ធផលល្អជូនជាតិ»។

ទន្ទឹមជាមួយការចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជាលើកដំបូងនេះ កីឡាករដែលមានឪពុកម្ដាយជាជនជាតិខ្មែរមានដើមកំណើតពីខេត្តបាត់ដំបងដដែល បានដាក់គោលដៅខ្ពស់ គឺការដណ្ដើមមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ មិនតែប៉ុណ្ណោះ Johnny ក៏រំពឹងថា រូបគេនឹងមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិបន្ដទៀត ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីស្វែងរកនូវជ័យជម្នះជូនកម្ពុជាទៀតផង។

តាមរយៈនេះ លោក កឹម សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតី និងឆន្ទៈខំប្រឹងដើម្បីជាតិរបស់កីឡាករខ្មែរ-អាមេរិករូបនេះ ហើយលោកសង្ឃឹមថា Johnny ក៏ដូចជាកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងបេសកកម្មនាពេលខាងមុខ។ ក្នុងនាមតំណាងប្រធានសហព័ន្ធ លោកក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១៣នាក់ ក្នុងម្នាក់ៗ ៨សែនរៀល មុនចេញទៅប្រកួតប្រកួតស៊ីហ្គេម នៅវៀតណាមផងដែរ៕