(ភ្នំពេញ)៖ លោក បែ មករា នាយកកម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញបានជំរុញ និងលើកទឹកចិត្តឲ្យយុវជនចូលរួមលេងកីឡា ពិសេសកីឡាថាសហោះ ដែលជាប្រភេទកីឡាថ្មីមួយ ដើម្បីលើកកម្ពស់កីឡាមួយនេះឲ្យកាន់តែរីកចម្រើននៅកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំការប្រកួតពានរង្វាន់កីឡាថាសហោះ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានបេក្ខភាព ៨ក្រុមចូលរួម ក្នុងគោលបំណងបំផុសយុវជនឲ្យចូលរួមលេងកីឡាកាន់តែសម្បូរបែបបន្ថែមទៀត ដើម្បីគាំទ្រយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកគូសបញ្ជាក់ថា កីឡាថាសហោះ ជាប្រភេទកីឡាថ្មីដែលមានគោលការណ៍ Fair-Play ខ្ពស់ អាចលេងដោយគ្មានអាជ្ញាកណ្ដាល ពោលគឺផ្អែកលើភាពស្មោះត្រង់របស់កីឡាករ-កីឡាការិនីម្នាក់ៗជាគោល។ តាមរយៈនេះលោកបានលើកទឹកចិត្តឲ្យយុវជន និងប្រជាពលរដ្ឋចូលរួមលេងកីឡានេះឲ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍ ហើយឈានទៅរកការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។

សម្រាប់លទ្ធផលនៃការប្រកួតពានរង្វាន់កីឡាថាសហោះ ដែលរៀបចំដោយ សសយក រាជធានីភ្នំពេញ ខាងលើវិញ បន្ទាប់ពីដំណើរការប្រកួត ១ថ្ងៃពេញ ក្រុមជយលាភី រួមមានក្រុមកីឡាករ-កីឡាការិនីថាសហោះភ្នំដារ បានទទួលចំណាត់ថ្នាក់លេខ១ ខណៈក្រុមកីឡាករ-កីឡាការិនីថាយហោះកោះកេរ្ដិ៍ ទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមកីឡាករ-កីឡាករីថាយហោះសំបូរព្រៃគុក ទទួលបានចំណាត់ថ្នាក់លេខ៣៕